អង់គ្លេស, បារាំង និងអាល្លឺម៉ង់ បន្តជំហរក្សាទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរ
បរទេស ៖ ទាំងចក្រភពអង់គ្លេស, ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់បានចេញសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ពួកគេនឹងបន្តរក្សាទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដដែលដោយសារបញ្ហាកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកម្មវិធីផលិតមីស៊ីលឆ្លងទ្វីបរបស់រដ្ឋាភិបាលក្រុងតេហរ៉ង់់។
សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង៣ ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្ត E3 គឺជាក្រុមប្រទេសដែលទទួលបន្ទុកកិច្ចការងារចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់បានបញ្ជាក់ទៀតថាទណ្ឌកម្មនឹងបន្តអនុវត្តដើម្បីឆ្លើយតបទៅនឹងការមិនស៊ីសង្វាក់គ្នារបស់ប្រទេសអ៊ីរ៉ង់។
វិធានការកន្លងមកមានដូចជាការហាមឃាត់អ៊ីរ៉ង់ពីការអភិវឌ្ឍន៍មីស៊ីលផ្លោងដែលមានសមត្ថភាពបញ្ជូនអាវុធនុយក្លេអ៊ែរ និងក៏ដូចជារារាំងប្រទេសទាំងឡាយណាក្នុងការទិញ លក់ ឬផ្ទេរយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទាំងទៅឲ្យ និងមកពីប្រទេសអ៊ីរ៉ង់ផង។ ក្រៅពីនោះគេក៏ឃើញមាននូវការរួមបញ្ចូលការបង្កកទ្រព្យសម្បត្តិសម្រាប់បុគ្គល និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបផងដែរ។
ទោះបីជាយ៉ាងណាក្តី អ៊ីរ៉ង់ក្នុងរយៈពេលចុងក្រោយនេះ ថែមទាំងបានបំពានលើការដាក់ទណ្ឌកម្មដោយការអភិវឌ្ឍ និងសាកល្បងមីស៊ីលឆ្លងទ្វីប និងបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។
E3 បានបន្ថែមដែរថា ទណ្ឌកម្មនឹងនៅតែមានរហូតដល់ទីក្រុងតេហរ៉ង់ នឹងអនុលោមតាមច្បាប់ពេញលេញជាមួយកិច្ចព្រមព្រៀងដែលធ្លាប់បានដាក់។
គួរឲ្យដឹងដែរថា ទណ្ឌកម្មនេះបើតាមកិច្ចព្រមព្រៀងកាលពី៨ឆ្នាំមុននោះវានឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃទី១៨ ខែតុលាខាងមុខនេះហើយ៕