Close

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ភ្នំបេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

របៀបវារៈសម័យប្រជុំរដ្ឋសភាមានចំនួនពីរគឺ ការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណងប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅទូលំទូលាយ មានភាពស៊ីចង្វាក់គ្នាដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជិថល ជាដើម។

សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច មាន១០មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់នេះ ទំាងមូលជាឯកច្ឆន្ទ។

សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានចំនួន៨មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះទំាងមូលជាឯកច្ឆន្ទ ៕

អត្ថបទទាក់ទង