អាមេរិកបដិសេធមិនផ្ដល់ជំនួយយន្តហោះចម្បាំងដល់អ៊ុយក្រែន ប៉ុន្តែបង្កើនការផ្ដល់ជំនួយជាកាំភ្លើងធំ និងរថយន្តក្រោះ
បរទេស៖ លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានសម្រាប់ទំនាក់ទំនងយុទ្ធសាស្ត្រ បានចេញមុខមកអះអាង និងការពារ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ក្នុងការមិនបញ្ជូនយន្តហោះចម្បាំងអាមេរិកទៅឲ្យអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយពេលមានប្រតិកម្មឆ្លើយ តប របស់ លោក Biden ក្នុងការសម្រេចចិត្តមិនបញ្ជូនយន្តហោះចម្បាំងអាមេរិកទៅឲ្យអ៊ុយក្រែននោះ លោក John Kirby បានចេញមុខមកបញ្ជាក់ បន្ថែម ទៀតថា សហរដ្ឋអាមេរិកគឺមិនបញ្ជូលយន្តហោះចម្បាំងឱ្យទៅអ៊ុនក្រែននោះទេ ប៉ុន្តែសហរដ្ឋអាមេរិកបានបង្កើនជំនួយយោធាក្នុងទម្រង់ជាអាវុធទំនើបៗ ដូចជាកាំភ្លើងធំ និងរថក្រោះ Abrams ផងដែរ។
លោក John Kirby បានប្រាប់ CNN ថា “អ្វីដែលខ្ញុំអាចប្រាប់អ្នកបាននោះគឺថា មានជំនួយជាច្រើនដែលត្រូវបានបញ្ជូន ហើយនឹងត្រូវបានបញ្ជូននៅក្នុងប៉ុន្មានសប្តាហ៍ និងសប្ដាហ៍មុនៗ ។ ជំនួយទាំងនោះគឺមានសារៈសំខាន់ក្នុងការជួយអ៊ុយក្រែនម្តងទៀតក្នុងការប្រយុទ្ធនៅពេលនេះ ដែលជារដូវរងារ”។
មន្ត្រីជាន់ខ្ពស់របស់សេតវិមានរូបនេះ បានបន្ថែមទៀតថា គាត់ជឿថា ការសម្រេចចិត្តដែលបានប្រកាសកាលពីសប្តាហ៍មុន ក្នុងការបញ្ជូនរថក្រោះ Abrams ទៅកាន់តំបន់សង្គ្រាម មិនមែនជារឿងដែលត្រូវបានធ្វើឡើងយឺតពេលនោះទេ ខណ:មានរបាយការណ៍អំពីប្រទេសរុស្ស៊ីដណ្តើមបានទឹកដីនៅភាគខាងកើតអ៊ុយក្រែន៕