ស៊ីរី ដាក់ពាក្យបណ្តឹងទៅ UN លើសកម្មភាពចោរកម្មអាមេរិក ចំពោះប្រេង និងទ្រព្យសម្បត្តិ តម្លៃរាប់ពាន់លានដុល្លារ
បរទេស៖នៅក្នុងលិខិតជាពាក្យបណ្តឹងមួយ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក SANA បានបង្ហាញថា រដ្ឋាភិបាលទីក្រុងដាម៉ាស បានសម្រេចចោទប្រកាន់អំពីចោរកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ចំពោះធនធានជាទ្រព្យសម្បត្តិ និងធនធានជាយុទ្ធសាស្ត្ររបស់ខ្លួនជាច្រើនប្រភេទ ក្នុងនោះក៏មានប្រេងឆៅ ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ SANA បានធ្វើការរាយការណ៍ថា ប្រទេសស៊ីរី បានស្នើសុំ និងជំរុញឱ្យអង្គការសហប្រជាជាតិ ហៅកាត់ថា យូអិន ក្នុងការចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាមេរិក ជុំវិញការកាន់កាប់ផ្នែកខ្លះនៃទឹកដីស៊ីរី នាពេលបច្ចុប្បន្ន និងក៏ដូចជាការលួចប្រមូលយកធនធានធម្មជាតិដោយខុសច្បាប់នៅក្នុងតំបន់ទាំងនោះ។
ប្រភពដដែលបានសរសេរទៀតថា រដ្ឋាភិបាលទីក្រុងដាម៉ាស ក៏បានទាមទារសំណងពីទីក្រុងវ៉ាស៊ីនតោន សម្រាប់អ្វីដែលខ្លួនបានពិពណ៌នាថា ជាការប្លន់យកនូវធនធានជាច្រើនបូករួមទាំងហ្គាសធម្មជាតិ និងប្រេងរបស់ប្រទេសផង។
លិខិតមួយនេះ ត្រូវបានផ្ញើចេញដោយក្រសួងការបរទេស និងជនបរទេសរបស់ប្រទេសស៊ីរី ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏ដូចជាប្រទេសអាល់បានី ដែលពេលនេះ កំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ក្នុងខែកញ្ញា។
ក្រុមមន្ត្រី និងអ្នកការទូតស៊ីរី បានអំពាវនាវដល់ស្ថាប័នអន្តរជាតិ ឱ្យបញ្ឈប់ការរំលោភបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយសហរដ្ឋអាមេរិក ដែលកំពុងឈរជើងដោយខុសច្បាប់នៅភាគឦសាន និងភាគអាគ្នេយ៍នៃប្រទេស។
យោងតាមការប៉ាន់ប្រមាណ ដែលបានលើកឡើងនៅក្នុងលិខិតនោះ ការខូចខាតដោយផ្ទាល់ និងដោយប្រយោលដែលបង្កឡើងដល់វិស័យធនធានប្រេង និងរ៉ែរបស់ប្រទេសស៊ីរី ដោយយោធាអាមេរិក ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០២៣ មានចំនួនរហូតដល់ទៅ ១១៥,២ ពាន់លានដុល្លារ៕