Close

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យ និងរកដំណោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅខេត្ដព្រះសីហនុ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យ និងរកដំណោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅខេត្ដព្រះសីហនុ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យ និងរកដំណោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅខេត្ដព្រះសីហនុ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ទីតាំង ក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ បញ្ហាប្រឈមនានា និងការស្វែងរកដំណោះស្រាយសមស្រប។

នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាមួយគណៈប្រតិភូពាក់ព័ន្ធកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តព្រះសីហនុ រួមមាន៖ ១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ២. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង ៣. តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ព្រមទាំងការចុះពិនិត្យមើលសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនចំនួន៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះផងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ៣៣.១០០នាក់។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិនិយោគិនដែលជាអ្នកអភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣ ដោយបានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនដល់វិនិយោគិន។

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងអស់ កុំមានភាពទើសទាល់ក្នុងការជម្រាបជូនអំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីអាចឱ្យរាជរដ្ឋាភិបាលស្វែងរកនីតិវិធីដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ រួមគ្នាបង្កលក្ខណៈអំណោយផលក្នុងការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនផងដែរនូវគម្រោងថ្មីៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមសិក្សា និងសាងសង់ឡើងរួមមាន គម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការសិក្សាគម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងទាំងអស់នេះនឹងដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយតម្លៃឡូជីស្ទិកនៅកម្ពុជា៕

អត្ថបទទាក់ទង