ឯកឧត្តម ហេង សួរ ៖ កម្ពុជា មានតម្រូវការកម្លាំងពលកម្មបន្ថែមសរុបប្រមាណ ១ម៉ឺន៧ពាន់នាក់
កំពង់ស្ពឺ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេស កម្ពុជាមានតម្រូវការកម្លាំងពលកម្មបន្ថែមសរុបប្រមាណ ១ម៉ឺន៧ពាន់នាក់ ស្របពេលប្រទេសសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម ហេង សួរ បានលើកឡើងដូច្នេះ នាឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ។
ឯកឧត្តម ហេង សួរ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ប្រមូលបាន គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេសមានតម្រូវការកម្លាំងពលកម្មបន្ថែមសរុបប្រមាណ១ម៉ឺន៧ពាន់នាក់ ហើយសម្រាប់នៅខេត្តកំពង់ស្ពឺមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណ៤ពាន់នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យទាំងសង្គម-សេដ្ឋកិច្ចគួរជាទីមោទនៈ។ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការដ៏មុតស្រួចនានា បានជំរុញស្ថានភាពសេដ្ឋកិច្ចកម្ពុជាឱ្យចាប់ផ្ដើមងើបឡើងវិញជាបណ្តើរៗ និងជំរុញឱ្យស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពធន់ និងរឹងមាំ តាមរយៈការកែសម្រួលបរិយាកាសវិនិយោគ និងការពង្រឹងគុណភាពជំនាញនិងកំណើនផលិតភាពនៃកម្លាំងពលកម្មផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានកម្មករនិយោជិតកំពុងបម្រើការងារសរុបជាង១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ៤៧០លានដុល្លារក្នុងមួយឆ្នាំៗ នៅតាមរោងចក្រ-សហគ្រាសចំនួន៣៨៥។ គ្រាន់តែវិស័យកាត់ដេរមួយមុខមានចំនួន១៩១ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង៤៣០លានដុល្លារក្នុងមួយឆ្នាំ ហើយក៏ជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ៕