Close

Tu-95 យន្តហោះទំលាក់គ្រាប់នុយក្លេអ៊ែររុស្ស៊ី យកសំបកកង់ឡានជារបាំងការពារពីដ្រូនរបស់អ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
Tu-95 យន្តហោះទំលាក់គ្រាប់នុយក្លេអ៊ែររុស្ស៊ី យកសំបកកង់ឡានជារបាំងការពារពីដ្រូនរបស់អ៊ុយក្រែន Tu-95 យន្តហោះទំលាក់គ្រាប់នុយក្លេអ៊ែររុស្ស៊ី យកសំបកកង់ឡានជារបាំងការពារពីដ្រូនរបស់អ៊ុយក្រែន

បរទេស ៖ រូបភាពទទួលបានពីប្រព័ន្ធផ្កាយរណបកាលពីពេលថ្មីៗនេះបានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយដោយយន្តហោះទំលាក់គ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ីប្រភេទ Tu-95 ចំនួន២គ្រឿង ត្រូវបានកងទ័ពរុស្ស៊ីយកសំបកកង់ឡានជាច្រើនតម្រៀបជាជួរពីលើតួយន្តហោះដែលគេជឿជាក់ថាគឺដើម្បីការពារការវាយប្រហារណាមួយដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន។

Maxar Technologies ដែលជាអ្នកបានបង្ហាញរូបភាពនេះដំបូងគេ ហើយអ្វីដែលយើងអាចមើលឃើញនោះគឺថាសំបកកង់ភាគច្រើនត្រូវបានរៀបចំដាក់ពីលើផ្នែកនៃស្លាបរបស់យន្តហោះ និងត្រង់ចំណុចស៊ីទែនស្តុកសាំងនៃយន្តហោះ។

ប្រភពដដែលបានឲ្យដឹងដែរថា យន្តហោះខ្នាតយក្ស Tu-95 ទាំង២គ្រឿងនោះត្រូវបានដាក់ឲ្យចតចោលនៅមូលដ្ឋានទ័ពអាកាស Engels ស្ថិតនៅចំងាយប្រមាណជា ៤០០ម៉ាលពីតំបន់ប្រយុទ្ធជួរមុខជាមួយនឹងប្រទេសអ៊ុយក្រែន។

អ្នកជំនាញជាច្រើនបានធ្វើការអះអាងថាសំបកកង់ទាំងនោះគឺប្រើប្រាស់ដើម្បីជារបាំងការពារយន្តហោះពីការវាយប្រហារណាមួយពីយន្តហោះដ្រូនរបស់អ៊ុយក្រែន ព្រមទាំងកាត់បន្ថយនូវកម្រិតមើលឃើញនៅពេលយប់ផងដែរ។

មន្ត្រីរបស់អង្គការណាតូម្នាក់បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ថា ៖ ពួកយើងជឿជាក់ថា អ្វីដែលកងទ័ពរុស្ស៊ីព្យាយាមធ្វើនោះគឺដើម្បីការពារយន្តហោះទាំងនោះពីការវាយប្រហាររបស់ដ្រូនអ៊ុយក្រែ ប៉ុន្តែយើងមិនច្បាស់ទេថា វានឹងមានប្រសិទ្ធភាពបែបណា។

គួរឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះអ៊ុយក្រែនបានបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំទាំងក្នុងតំបន់ព្រំដែន និងការប្រើប្រាស់ដ្រូនប្រយុទ្ធចូលជ្រៅដល់ប្រទេសរុស្ស៊ី ហើយមួយចំនួនទៀតទៅដល់ទីក្រុងមូស្គូផងដែរ។

ជាក់ស្តែង គិតត្រឹមសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះអ៊ុយក្រែនបានបើកការវាយប្រហារតាមរយៈដ្រូនជាច្រើនលើកសំដៅទីតាំងចំនួន៦របស់រុស្ស៊ី ជាពិសេសគឺទីក្រុងមូស្គូតែម្ដង៕

អត្ថបទទាក់ទង