វិមានក្រមឡាំង ៖ អាមេរិកនឹងបង្ខំឲ្យសង្គ្រាមអូសបន្លាយរហូតដល់បាត់បង់ជីវិតពលរដ្ឋអ៊ុយក្រែនចុងក្រោយបំផុត
បរទេស ៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានធ្វើការលើកឡើងតាមរយៈរបាយការណ៍ថ្មីដែលលោកបានទទួលថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានរៀបចំផែនការក្នុងការផ្គត់ផ្គង់អាវុធជាច្រើនបន្ថែមទៀតទៅឲ្យកងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន។
លោក Peskov បានហៅការប្តេជ្ញាចិត្តរបស់អាមេរិកនេះថាគឺជាការប៉ុនប៉ងអូសបន្លាយសង្គ្រាមឲ្យកាន់តែយូរទោះបីជាត្រូវអស់ជីវិតរបស់ពលរដ្ឋអ៊ុយក្រែនចុងក្រោយបំផុតក្តី ពីព្រោះថាជំនួយយោធាទាំងនោះនឹងមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរ និងវិវត្តទៅល្អប្រសើរឡើងវិញនៃជម្លោះឡើយ។
ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធម្សិលមិញនេះ លោក Peskov បានពោលថា ៖ កន្លងមកយើងទាំងអស់គ្នាធ្លាប់បានស្តាប់ឮហើយថា សហរដ្ឋអាមេរិកនឹងនៅតែបន្តជួយដល់ប្រទេសអ៊ុយក្រែនរហូតដល់ដំណាក់កាលចាំបាច់ ដែលនេះមានន័យថា រដ្ឋាភិបាលវ៉ាស៊ិនតោនឹងបង្ខំឲ្យអ៊ុយក្រែនបន្តស្ថិតនៅក្នុងសង្គ្រាមរហូតដល់ជនជាតិអ៊ុយក្រែនបាត់បង់ជីវិតទាំងអស់។
ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើដំណើរមកដល់ប្រទេសអ៊ុយក្រែនទាំងដែលគួរឲ្យភ្ញាក់ផ្អើល និងមិនបានប្រកាសទុកជាមុនផងនោះរយៈពេល២ថ្ងៃដែលជាការបំពេញទស្សនកិច្ចលើកដំបូងនៃមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះចាប់តាំងតែពីពេលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនចាប់ផ្តើមកាលពីដើមខែមិថុនាមក។
មានការចេញផ្សាយមួយចំនួនដោយសារព័ត៌មានអន្តរជាតិថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកមកដល់ទឹកដីអ៊ុយក្រែនលើកនេះក៏នឹងអាចមានមកជាមួយនឹងការប្រកាសផ្តល់ជំនួយយោធាថ្មីដែលមានទំហំដល់ទៅ ១,០០០លានដុល្លារថ្មីទៀតផងដែរ។
ទោះបីជាយ៉ាងណាក្តី ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនរយៈពេល៣ខែកន្លងមកបានធ្វើឲ្យជីវិតយោធារបស់ខ្លួនបាត់បង់ជីវិតអស់ប្រមាណជា ៦៦,០០០នាក់មកហើយព្រមទាំងអាវុធធុនធ្ងន់ប្រមាណជាង ៧ ៦០០គ្រឿងផ្សេងទៀត៕