Close

អ៊ុយក្រែនអះអាងផលិតបានអាវុធរយៈចំងាយឆ្ងាយអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ុយក្រែនអះអាងផលិតបានអាវុធរយៈចំងាយឆ្ងាយអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី អ៊ុយក្រែនអះអាងផលិតបានអាវុធរយៈចំងាយឆ្ងាយអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី

បរទេស ៖កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថាប្រទេសរបស់លោកបច្ចុប្បន្នគឺមានសមត្ថភាពគ្រប់គ្រាន់អាចផលិតអាវុធចំងាយឆ្ងាយបានដោយខ្លួនឯងរួចរាល់ហើយ ខណៈដែលមន្ត្រីកំពូលផ្នែកសន្តិសុខជាតិក៏បានអះអាងដូចគ្នាដែរថាកម្មវិធីផលិតមីស៊ីលប្រភេទថ្មីគឺកំពុងស្ថិតនៅក្នុងដំណើរការ។

លោក Zelensky ដែលបានបង្ហោះសារនៅលើប្រព័ន្ធទំនាក់ទំនង Telegram ថា៖ អ៊ុយក្រែនបានសាកល្បងជោគជ័យអាវុធរយៈចំងាយឆ្ងាយ ហើយគោលដៅដែលត្រូវបានបាញ់ចំនោះគឺមានចំងាយដល់ទៅ៧០០គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក្តី លោក Zelensky មិនបានលំអិតអំពីប្រភេទអាវុធដែលលោកបានពណ៍នានោះទេ។

ភ្លាមៗក្រោយការប្រកាសនេះមន្ត្រីជាន់ខ្ពស់កិច្ចការងារសន្តិសុខជាតិ និងក្រុមប្រឹក្សាការពារជាតិហៅកាត់ថា NSDC បានបង្ហោះវិដេអូដែលមានរយៈពេលប្រហែលជា២០វិនាទីនៅលើបណ្តាញសង្គម X បង្ហាញនូវមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញទាំងយប់ក្នុងន័យបញ្ជាក់បន្ថែមអំពីការលើកឡើងរបស់លោកប្រធានាធិបតី។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថាកម្មវិធីមីស៊ីលរបស់លោកប្រធានាធិបតីអ៊ុយក្រែនកំពុងស្ថិតនៅក្នុងដំណើរការយ៉ាងល្អដោយការធ្វើតេស្តបានជោគជ័យនិងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត ដូច្នេះតំបន់ជាច្រើនដែលអ៊ុយក្រែននឹងអាចបើកប្រតិបត្តិការវាយបកសាជាថ្មីនោះរួមទាំង Sevastopol, Kamchatka និង Kronstadtជាដើម។

ទោះបីជាយ៉ាងណាក្តី កន្លងមកលោក Zelensky និងមន្ត្រីអ៊ុយក្រែនផ្សេងទៀតតែងតែបានអះអាងដដែលៗម្តងហើយម្តងទៀតថា ពួកគេបានប្រើប្រាស់តែអាវុធដែលផលិតនៅក្នុងស្រុកប៉ុណ្ណោះដើម្បីប្រឆាំងនឹងរុស្ស៊ី ពោលគឺចាប់តាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានហាមឃាត់អ៊ុយក្រែនមិនឲ្យប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលផ្តល់ដោយលោកខាងលិចសម្រាប់គោលបំណងវាយចូលទឹកដីរុស្ស៊ីជាដាច់ខាត៕

អត្ថបទទាក់ទង