Close

គម្រោងសាងសង់ស្ពានបេតុងខ្សែកាបកោះនរានឹងតភ្ជាប់នៅថ្ងៃទី១០ ខែកញ្ញា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គម្រោងសាងសង់ស្ពានបេតុងខ្សែកាបកោះនរានឹងតភ្ជាប់នៅថ្ងៃទី១០ ខែកញ្ញា គម្រោងសាងសង់ស្ពានបេតុងខ្សែកាបកោះនរានឹងតភ្ជាប់នៅថ្ងៃទី១០ ខែកញ្ញា

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រទៅទីក្រុងកោះនរា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ  ។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ បញ្ជាក់ថា បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបកោះនរាភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២%ហេីយ។

ឯកឧត្តមបន្តថា តាមផែនការ ស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអ៊ុំទូក ខាងមុខនេះ។

គម្រោងសាងសង់ស្ពានបេតុងខ្សែកាបដែលឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ស្ពានមួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក។

តាមការរំពឹងទុកស្ពានខ្សែកាបកោះពេជ្រ-កោះនរានេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២ ខណៈបច្ចុប្បន្នកំពុងប្រឈមនឹងការកកស្ទះចរាចរណ៍ជាប្រចាំថ្ងៃ ពិសេសរៀងរាល់ពេលព្រឹក និងពេលល្ងាច៕

អត្ថបទទាក់ទង