កូរ៉េខាងជើងបង្ហាញក្តីបារម្ភខ្លាំងចំពោះការសម្រេចចិត្តផ្គត់ផ្គង់ F-16 ឲ្យអ៊ុយក្រែន
បរទេស៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចេញបង្ហាញអំពីក្តីព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចំពោះបញ្ហាផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិក F-16 ទៅឲ្យប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក Kang Sun nam បានថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន KCNA ថា តាមរយៈការផ្គត់ផ្គង់យន្តហោះទំនើបបំផុតដែលកំពុងត្រូវបានប្រើប្រាស់ដោយលោកខាងលិច F-16 ឲ្យទៅរដ្ឋាភិបាលទីក្រុងគៀវនោះវានឹងអាចធ្វើឲ្យសហរដ្ឋអាមេរិកធ្លាក់ចុះទៅក្នុងស្ថានភាពនៃការប្រឈមមុខដាក់គ្នាចំពោះអាវុធប្រល័យលោកជាមិនខាន។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា វិបត្តិអ៊ុយក្រែនគឺគ្រាន់តែជាជម្លោះដែលត្រូវបានរៀបចំឡើងជាមុនតាមមហិច្ឆិតារបស់សហរដ្ឋអាមេរិកប៉ុណ្ណោះដោយកំណត់យកប្រទេសរុស្ស៊ីជាសត្រូវសំខាន់ជាងគេខណៈដែលជាក់ស្តែងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនខ្លួនឯងបានព្យាយាមរំលោភបំពានទៅលើផលប្រយោជន៍សន្តិសុខជាយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ និងខិតខំជំរុញសម្ព័ន្ធមិត្តណាតូរបស់ខ្លួនឱ្យអនុវត្តការគំរាមកំហែងខាងយោធាឥតឈប់ឈរម្តងហើយម្តងទៀតទៅលើប្រទេសរុស្ស៊ី។
លោក Kang បានសង្កត់ធ្ងន់បន្ថែមទៀតថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងរុញឲ្យបញ្ហាជម្លោះនៅអ៊ុយក្រែនកាន់តែអាក្រក់ឡើង និងរុញពិភពលោកឲ្យកាន់តែធ្លាក់ចូលទៅគែមមាត់ជ្រោះនៃវិនាសសកម្មដ៏មហន្តរាយជាមួយនឹងអាវុធនុយក្លេអ៊ែរតាមរយៈការសម្រេចចិត្តដោយគ្មានទំនួលខុសត្រូវក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ឲ្យទៅរបបអាយ៉ងអាមេរិកក្រោមការដឹកនាំរបស់លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន។
គួរឲ្យដឹងថា អស់រយៈពេលជាច្រើនខែមកហើយដែលរដ្ឋាភិបាលអ៊ុយក្រែនបានព្យាយាមស្នើសុំឲ្យមានការផ្គត់ផ្គង់យន្តហោះ F-16 ពីសំណាក់លោកខាងលិច ហើយទីបំផុតកាលពីខែឧសភាបណ្តាប្រទេសសម្ព័ន្ធមិត្តចំនួន១១បានសម្រេចចិត្តរួមគ្នាសន្យាក្នុងការផ្គត់ផ្គង់អាវុធដ៏សំខាន់មួយនេះសម្រាប់អ៊ុយក្រែន ហើយបច្ចុប្បន្នការហ្វឹកហាត់ពីឡុតអ៊ុយក្រែនក៏កំពុងចាប់ផ្តើមដំណើរហើយដែរ៕