មេដឹកនាំរដ្ឋប្រហារប្រទេសនីហ្សៀសន្យានឹងកាន់តំណែងត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ
បរទេស៖ក្រោយបានដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារអស់រយៈពេលជាងមួយខែកន្លងមកនេះ កាលពីថ្ងៃចន្ទម្សិលមិញ មេដឹកនាំយោធាកំពូលបានចេញមកប្រកាសហើយថាលោកនឹងប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញនៅក្នុងរយៈពេល៣ឆ្នាំក្រោយ។
មេបញ្ជាការកំពូលលោក Abdourahamane Tchiani បានធ្វើការប្រកាសបែបនេះនៅក្រោយកិច្ចប្រជុំជាមួយនឹងក្រុមអ្នកសម្របសម្រួលមកពីបណ្តាប្រទេសនៅប្លុកសេដ្ឋកិច្ចអាហ្វ្រិកខាងលិច Ecowas ដែលរៀបចំឡើងនៅក្នុងរដ្ឋធានី Niamey។
កន្លងមកគេបានដឹងហើយថា ប្លុកប្រទេស Ecowas ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា ប្រសិនបើមិនមានការចរចាដោយសន្តិភាពធ្វើឡើងដោយជោគជ័យទេនោះពួកគេនឹងជ្រើសយកអន្តរាគមបែបយោធាជាមិនខានដើម្បីបណ្តេញមេដឹកនាំយោធារូបនេះចេញពីប្រទេស។
មេដឹកនាំរដ្ឋប្រហារដែលបានទំលាក់លោកប្រធានាធិបតីស្របច្បាប់ Mohamed Bazoum កាលពីខែមុននោះទោះបីជាយ៉ាងណាក្តីបានឆ្លើយតបទៅនឹងការព្រមាននេះថាប្រទេសនីហ្សៀមិនចង់បានសង្គ្រាមនោះទេប៉ុន្តែចាំបាច់ត្រូវតែធ្វើការការពារចំពោះសកម្មភាពអន្តរាគមពីបរទេស។
លោក Tchiani ក៏បានធ្វើការបញ្ជាក់ឡើងវិញអំពីការរិះគន់របស់លោកផងដែរចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្មពីសំណាក់ប្លុក Ecowas ដែលនឹងអនុវត្តមកលើប្រទេសនីហ្សៀតាមរយៈការកាត់ផ្តាច់អគ្គិសនីនិងការរារាំងការនាំចេញនាំចូលសំខាន់ៗរបស់ប្រទេសទាំងបានដឹងហើយថាប្រទេសនីហ្សៀគឺជាប្រទេស Landlock ឬមានន័យថាជាប្រទេសដែលគ្មានច្រកធ្វើដំណើរតាមសមុទ្រនោះទេ។
មេបញ្ជាការលោក Tchiani រូបនេះទោះបីជាយ់ាងណាក្តីមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបនៃការប្រគល់អំណាចនោះទេ ប៉ុន្តែបាននិយាយថា គោលការណ៍សម្រាប់ការផ្លាស់ប្តូរនឹងត្រូវសម្រេចក្នុងរយៈពេល៣០ថ្ងៃទៀតនៅក្នុង កិច្ចប្រជុំកំពូលមួយ ដែលរៀបចំដោយមេដឹកនាំរដ្ឋប្រហារទាំងអស់៕