ក្រសួងទេសចរណ៍ ជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារក្នុងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដារ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ (ATF 2024) នៅប្រទេសឡាវ នាពេលខាងមុខនេះ។
ក្រសួងទេសចរណ៍ បានណែនាំយ៉ាងលម្អិតដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ដូចខាងក្រោម៖
ទី១ ម្ចាស់អាជីវកម្មសណ្ឋាគារ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
ទី២ តម្រូវឱ្យភ្ជាប់មកជាមួយនូវពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ អាជ្ញាបណ្ណទេសចរណ៍មានសុពលភាពចេញដោយក្រសួងទេសចរណ៍ និងវិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារចេញដោយក្រសួងទេសចរណ៍ (យ៉ាងតិចផ្កាយ៣)។
តាមរយៈការណែនាំនេះ ក្រសួងបានអំពាវនាវឱ្យម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ ឱ្យបានកាន់តែច្រើន៕