គូកនដ៏ស្និទ្ធស្នាលរបស់រុស្ស៊ីធ្វើសមយុទ្ធយោធាជាប់ព្រំដែនសមាជិកណាតូ២ប្រទេស
បរទេស ៖ មួយរយៈចុងក្រោយក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលបានផ្លាស់មូលដ្ឋានមកឈរជើងក្នុងប្រទេសបេឡារូសនោះកំពុងធ្វើឲ្យមានភាពតានតឹងខ្លាំងមែនទែនជាមួយនឹងប្រទេសជាប់ព្រំដែនដែលជាសមាជិកអង្គការណាតូគឺប៉ូឡូញ និងលីទុយនេស៊ី។
កាន់តែក្តៅបន្ថែមទៀត ខណៈដែលប្រទេសបេឡារូសដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ប្រទេសរុស្ស៊ីកាលពីដើមសប្តាហ៍បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ហើយជ្រើសយកទីតាំងក្បែរទៅនឹងព្រំដែននៃប្រទេសប៉ូឡូញនិងលីទុយនេស៊ី។
កន្លងមកមេដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ជំហរួមគ្នាហើយថា ពួកគេនឹងរារាំងសម្រាប់ការបង្កហេតុនានាពីរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងមីងស៍ នៅក្នុងតំបន់ដ៏រសើបតាមបណ្តោយព្រំដែនជាមួយនឹងប្រទេសបេឡារូស ក៏ដូចជាតំបន់ផ្តាច់មុខរបស់រុស្ស៊ី Kaliningrad ផងដែរ។
ក្រសួងការពារជាតិនៃប្រទេសបេឡារូសបានអះអាងថាសមយុទ្ធរបស់បេឡារូសបានចាប់ផ្តើមកាលពីថ្ងៃចន្ទដោយផ្អែកទៅលើប្រតិបត្តិការដែលទទួលបានពីបទពិសោធន៍ចេញពី “ប្រតិបត្តិការយោធាពិសេសរបស់ប្រទេសរុស្ស៊ី” ដែលកំពុងប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែននោះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថាសមយុទ្ធយោធានេះក៏មាន រួមបញ្ចូលទាំង ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក៏ដូចជាប្រតិបត្តិការទំនាក់ទំនងគ្នាជាមួយនឹងកងរថក្រោះ ព្រមទាំងកងកាំភ្លើងធំនានានៃកងកម្លាំងយោធាបេឡារូសទាំងអស់ផង ។
គួរឲ្យដឹងដែរថា ទាំងប្រទេសប៉ូឡូញ និងលីទុយអានី បានបង្ខំចិត្តបង្កើនសន្តិសុខតាមព្រំដែនចាប់តាំងពីពេលដែលក្រុមអ្នកប្រយុទ្ធរបស់ក្រុមហ៊ុន Wagner រាប់ពាន់នាក់បានធ្វើដំណើរមកដល់ប្រទេសបេឡារូសក្រោមកិច្ចព្រមព្រៀងដើម្បីអាចបញ្ចប់ការបះបោរប្រដាប់អាវុធរបស់ពួកគេកាលពីចុងខែមិថុនានៅក្នុងប្រទេសរុស្សី ហើយព្រមទាំងបានអនុញ្ញាតឱ្យពួកគេ និងមេដឹកនាំរបស់ពួកគេគឺ Yevgeny Prigozhin ជៀសវាងពីការចោទប្រកាន់ព្រហ្មទណ្ឌដោយរដ្ឋាភិបាលទីក្រុងមូស្គូទៀតផង៕