៧ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្រូវអង្ករបានជិត៣លានតោនទៅកាន់ទីផ្សារអន្តរជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេះអង្ករចំនួន ៣៦២ ៧០៨ តោន និងស្រូវចំនួនជិត ២.៥ លានតោន។ នេះបើតាមទិន្នន័យដែលចេញដោយសហព័ន្ធស្រូវអង្ករកម្ពុជា។
តាមរបាយការណ៍ដដែលនេះបានឱ្យដឹងពីគោលដៅក្នុងការនាំចេញថា ការនាំចេញអង្ករបានចំនួន ៣៦២,៧០៨ តោននេះ ជាការនាំចេញរបស់ក្រុមហ៊ុនចំនួន ៥២ ទៅកាន់គោលដៅចំនួន ៥២ ប្រទេស ដែលក្នុងនោះ ប្រទេសចិន និងហុងកុងបានចំនួន ១៤១,៩៥០ តោន និងដែលគិតជាទឹកប្រាក់បានចំនួន ៩០.២៧ លានដុល្លារសហរដ្ឋអាមេរិក។
ក្រៅពីនោះ មាននាំចេញទៅប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ ប្រទេស បានចំនួន ១៤១,៣៩៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១០០.៣១ លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤ ប្រទេស បានបរិមាណចំនួន ៣០,១៧១ តោន គិតជាទឹកប្រាក់ចំនួន ២០.៥៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ាជាដើម។
ក្នុងការនាំចេញនេះ ប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩% អង្ករសចំនួន ១២.៦៣% អង្ករចំហ៊ុយ ៣.៣៦ % អង្ករសរីរាង្គចំនួន ១.៧១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។ ជាការកត់សម្គាល់ ការនាំចេញអង្ករនៅរយៈពេល៧ខែនេះ មានកំណើនជិត ៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
ដោយឡែកសម្រាប់ការនាំចេញស្រូវវិញ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៣នេះមានចំនួនជិត ២.៥ លានតោន ជាប្រភេទស្រូវសើមទៅកាន់ប្រទេសវៀតណាម និងប្រមាណជា ១០ម៉ឺនតោនទៅកាន់ប្រទេសថៃ។
បរិមាណនៃការនាំចេញស្រូវនេះមានការ កើនឡើងជាង ២៨% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ និងមានការកើនឡើងជាង ២០០% បើ ធៀបទៅនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៩ និងឆ្នាំ២០២០។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការកើនឡើងនៃការនាំចេញស្រូវនេះ ដោយសារការរីកចម្រើនផ្នែកផលិតកម្ម ដោយបានទទួលផលពីប្រព័ន្ធធារាសាស្ត្រ ដែលអនុញ្ញាតឱ្យកសិករក្នុងតំបន់ មួយចំនួនអាចធ្វើស្រែ បានរហូតដល់ទៅ ៣ដងក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៦៣៧,០០០ តោនទៅកាន់ប្រទេសចំនួន៥៩ ជុំវិញពិភពលោក ដែលនាំមកនូវប្រាក់ចំណូលជិត ១,៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះទីផ្សារចិនស្រូបចំនួន ៤៥% ទីផ្សារអឺរ៉ុបស្រូបចំនួន ៣៥% នៅសល់គឺប្រទេសអាហ្វ្រិក អាមេរិក រុស្ស៊ី និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ កម្ពុជាក៏បាននាំចេញស្រូវ ជាង ៣,៤ លានតោនទៅប្រទេសវៀតណាមផងដែរ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕