Close

ជប៉ុនប្រគល់ហូលពិដាន និងផ្ទាំងកំណាត់សូត្រ ៤១ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ជប៉ុនប្រគល់ហូលពិដាន និងផ្ទាំងកំណាត់សូត្រ ៤១ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា ជប៉ុនប្រគល់ហូលពិដាន និងផ្ទាំងកំណាត់សូត្រ ៤១ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា

ភ្នំពេញ: ក្រុមការងារពិដានជនជាតិជប៉ុន ដឹកនាំដោយលោកស្រីបណ្ឌិត  YONEKURA Yukiko និងលោកស្រី MIYAMOTO Kazuko បានប្រគល់ហូលពិដាន និងផ្ទាំងក្រណាត់សូត្រលើកទី២ សរុបចំនួន ៤១ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា។

ពិធីប្រគល់ទទួលខាងលើនេះធ្វើឡើងនៅពេលក្រុមការងារជប៉ុន បានទទួលការអនុញ្ញាតចូលរួមសម្តែងការគួរសមជាមួយលោកជំទាវ បណ្ឌិតសភាចារ្យ  ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

សមុច្ច័យទាំង៤១ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរ នារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។

ក្បាច់លម្អ ដែលមាននៅលើផ្ទាំងសូត្របានរំលេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃ និងជំនឿនានា ដែលខ្មែរគោរពប្រតិបត្តិ ជាពិសេស គឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។

គោលបំណងចម្បងនៃការប្រគល់នេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិតនិងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ក្រុមការងារចង់ផ្តល់លទ្ធភាព និងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វែងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ ដោយទាក់ទងផ្ទាល់មកសារមន្ទីរជាមុន ដើម្បីក្រុមការងារអាចរៀបចំសមុច្ច័យទាំងនោះទាន់ពេលវេលា ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំ។

គួររម្លឹកផងដែរថា កាលពីកំឡុងទសវត្សរ៍ឆ្នាំ២០០០ ក្រុម ការងារពិដាន បានប្រគល់ផ្ទាំងកំណាត់សូត្រចំនួន២៥ផ្ទាំង រួចម្តងមកហើយ។

សារមន្ទីរសង្ឃឹមយ៉ាងមុតមាំថា សាធារណជន នឹងពិនិត្យលទ្ធ ភាពនៃការប្រគល់សមុច្ច័យផ្សេងៗទៀតមកសារមន្ទីរទុកជាសម្បត្តិជាតិ ដូចដែលក្រុមការងារជប៉ុននេះបានធ្វើនាថ្ងៃនេះ ដ្បិតសមុច្ច័យទាំងនោះ នឹងក្លាយទៅជាឯកសាររស់សម្រាប់ការផ្សព្វផ្សាយ និងសិក្សាឈ្វែងយល់មរតកអរូបីដែលដូនតាខ្មែរបានបន្សល់ទុក៕

អត្ថបទទាក់ទង