Close

រុស្ស៊ី ធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្បែរច្រកចេញចូលសមុទ្ររបស់ប្លុកអឺរ៉ុប

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី ធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្បែរច្រកចេញចូលសមុទ្ររបស់ប្លុកអឺរ៉ុប រុស្ស៊ី ធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្បែរច្រកចេញចូលសមុទ្ររបស់ប្លុកអឺរ៉ុប

បរទេស ៖ ថ្ងៃពុធម្សិលមិញនេះក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាកងកម្លាំងកងទ័ពជើងទឹកបានចាប់ផ្តើមសមយុទ្ធយោធាមួយដែលប្រើប្រាស់គ្រាប់ពិតនៅក្នុងដែនសមុទ្រប៉ាល់តិកដែលជាទីតាំងដ៏សំខាន់ក្បែរទៅនឹងច្រកចេញចូលនៃប្លុកអឺរ៉ុប។

រុស្ស៊ីក៏ធ្លាប់បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយបែបនេះម្តងដែរកាលពីខែមិថុនាក្នុងសមុទ្រប៉ាល់តិកដូចគ្នាពោលគឺក្រោយពេលដែលប្រទេសហ្វាំងឡង់បានប្រកាសក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូកាលពី២ខែមុនហើយក៏នៅចំពេលជាមួយគ្នាដែលអង្គការណាតូបានធ្វើសមយុទ្ធរួមគ្នានៅក្នុងដែនសមុទ្រប៉ាល់តិកនេះផង។

ក្រសួងការពារជាតិក៏បានបញ្ជាក់ដែរថា ក្រៅតែពីមានការចូលរួមពីសំណាក់យោធារបស់រុស្ស៊ីជាច្រើនផងក្នុងនោះក៏មានការចូលរួមពីសំណាក់យន្តហោះចម្បាំងហើយជាពិសេសគឺជាសមយុទ្ធយោធាដែលមានការបាញ់គ្រាប់ពិត។

សមយុទ្ធយោធាដែលត្រូវបានហៅថា The Ocean Shield-2023 នឹងផ្តោតសំខាន់ទៅលើការហ្វឹកហាត់ក្នុងការការពារ​ផ្លូវ​សមុទ្រ ការ​ដឹក​ជញ្ជូន​ទ័ព និង​ទំនិញ​យោធា ព្រម​ទាំង​ការពារ​ឆ្នេរសមុទ្រជាដើម​ ហើយសមយុទ្ធ​នេះនឹងមានការបាញ់គ្រាប់ពិតដល់ទៅជាង​២០០ដង​មានការចូលរួមពីកងទ័ពជើងទឹក​ប្រមាណ​៦០០០​នាក់ នាវា​ចម្បាំង​ និង​ទូក​ចំនួន​៣០​គ្រឿង និង​យន្តហោះ​៣០​គ្រឿង​។

រំលឹកដែរថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាយូរមកហើយតែងតែចោទប្រកាន់ថាអង្គការណាតូ នៅតែបន្តព្យាយាមពង្រីកសម្ព័ន្ធភាពយោធារបស់ខ្លួននៅអឺរ៉ុបខាងលិច ជាពិសេសចំពោះប្រទេសដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត។

បច្ចុប្បន្នប្រទេសក្នុងតំបន់បាល់តិកដែលមានដូចជា ឡាតវី លីទុយអានី និងអេស្តូនី បានចូលជាសមាជិកអង្គការណាតូតាំងតែឆ្នាំ ២០០៤មកម្ល៉េះហើយជាបន្តបន្ទាប់ប្រទេសដែលមានព្រំដែនជាប់នឹងឆ្នេរសមុទ្រប៉ាល់តិកដូចជាហ្វាំងឡង់និងស៊ុយអែតក៏បានចាប់ផ្តើមចូលជាសមាជិករបស់អង្គការណាតូបន្ថែមទៀតដែលធ្វើឲ្យរុស្សីពេលនេះមានព្រំដែនជាប់នឹងបណ្តាសមាជិកណាតូមានចំនួនកើនឡើងទ្វេដងធៀបទៅនឹងកាលពីអតីតកាល៕

អត្ថបទទាក់ទង