Close

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាស័ក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាស័ក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាស័ក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាស័ក្តិរបស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃឱ្យបានសមស្របមុនចេញនូវអនុក្រឹត្យជាផ្លូវការ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាស័ក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

ជុំវិញបញ្ហានេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបថា យោងតាមមាត្រា៨ នៃច្បាប់ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃបានចែងថា មន្ដ្រីពន្ធនាគារត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ឧបករណ៍ និងសម្ភារ ឱ្យបានសមស្រប ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាស័ក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញនូវសេចក្ដីប្រកាសស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា អនុក្រឹត្យ និងសេចក្ដីប្រកាសខាងលើនេះ បានអនុវត្តអស់រយៈពេលជាង ០៨ឆ្នាំមកហើយ។

ឯកឧត្តម បានរំលឹកថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាស សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សម្ដេច ក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យ និងសិក្សាអំពីឯកសណ្ឋាន ពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារ ដើម្បីកុំឱ្យច្រឡំពណ៌ឯកសណ្ឋាន មន្ដ្រីនគរបាលជាតិ។

ឯកឧត្តមបន្ថែមថា ទើបអគ្គនាយកដ្ឋានពន្ធនាគារ បានបង្កើតក្រុមការងារមួយ ដើម្បីរៀបចំសេចក្ដីព្រាងកែសម្រួលអនុក្រឹត្យ ស្ដីពីពណ៌ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងប្រកាសស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាស័ក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

យ៉ាងនេះក្តី មាត្រា៣នៃសេចក្ដីព្រាងអនុក្រឹត្យ ចែងថា ឯកសណ្ឋានមន្រ្តីពន្ធនាគារ សម្រាប់ប្រើប្រាស់មាន៦ប្រភេទ រួមមាន ឯកសណ្ឋានធំលេខ១ សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធី និងពិធីបុណ្យជាតិ, ឯកសណ្ឋានធំលេខ២ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្លូវការនានា និងទទួលភ្ញៀវជាតិ និងអន្តរជាតិ, ឯកសណ្ឋានការងារលេខ៣ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីមីទ្ទិញ សិក្ខាសាលា សន្និបាតនានា និងបំពេញការងារប្រចាំថ្ងៃ។

មាត្រាដដែលចែងទៀតថាសម្រាប់ឯកសណ្ឋានការងារលេខ៤ (អាវដៃវែង) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ,ឯកសណ្ឋានការងារលេខ៥ (អាវដៃខ្លី) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ និងឯកសណ្ឋានលេខ៦ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ សន្តិសុខ និងសុវត្ថិភាព។ មាត្រា៤បានចែងថា រូបភាព ម៉ូត ទំហំខ្នាត ពណ៌ និងរបៀបប្រើប្រាស់ឯកសណ្ឋានតាមប្រភេទនីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់មន្រ្តីក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង