អាវុធដែលអាមេរិកផ្គត់ផ្គង់ឲ្យកោះតៃវ៉ាន់ជាកញ្ចប់ដំបូងបំផុតដែលដឹកចេញផ្ទាល់ពីឃ្លាំងអាមេរិក
បរទេស ៖ ថ្មីៗនេះសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាមួយកញ្ចប់ធំទៅឲ្យកោះតៃវ៉ាន់ក្នុងទំហំប្រមាណជា ៣៤៥លានដុល្លារបន្ថែមទៀត ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះវាបានក្លាយទៅជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលអាវុធត្រូវបានដឹកចេញដោយផ្ទាល់ពីឃ្លាំងអាវុធរបស់អាមេរិក។
ទីក្រុងវ៉ាស៊ីនតោនមិនបានលាក់លៀមឡើយចំពោះគោលបំណងនៃការអនុម័តកញ្ចប់យោធាថ្មីនេះដោយសង្ឃឹមថាកោះតៃវ៉ាន់នឹងអាចមានសមត្ថភាពកាន់តែខ្ពស់ដើម្បីរារាំងការឈ្លានពានណាមួយដោយរដ្ឋាភិបាលទីក្រុងប៉េកាំងនាខាងមុខ។
ក្រៅពីអាវុធដែលត្រូវដកចេញពីផ្ទាល់ពីឃ្លាំងរបស់កងកម្លាំងយោធាអាមេរិកហើយនោះ ក៏មានទាំងកម្មវិធីអប់រំទៅលើវិស័យការពារជាតិ និងការបណ្តុះបណ្តាលយោធាទៅលើជំនាញជាច្រើនផ្សេងទៀតផងដែរដល់កងទ័ពរបស់កោះតៃវ៉ាន់។
អាមេរិក គឺជាអ្នកចេញមុខចេញមាត់ប្រឆាំងយ៉ាងដាច់ខាតគោលនយោបាយចិនតែមួយរបស់ប្រទេសចិន ឬ One China policy ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននៅតែឈរលើជំហថាកោះតៃវ៉ាន់គឺជាប្រទេសដែលមានឯករាជ្យមួយ។
គួរឲ្យដឹងដែរថា ជំនួយយោធានេះគឺជាផ្នែកមួយនៃការអនុម័តដោយសភាអាមេរិកកាលពីឆ្នាំមុន ដើម្បីអាចដឹកជញ្ជូនអាវុធដោយផ្ទាល់ពីឃ្លាំងស្តុកយោធារបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ដែលមានន័យថាកោះតៃវ៉ាន់មិនចាំបាច់រង់ចាំការផលិត និងការបញ្ជាទិញបែបយោធាណាមួយពីប្រទេសទី៣នោះទេ។
លើសពីនេះគេក៏អាចមើលឃើញដែរថាកញ្ចប់យោធានេះគឺជាកញ្ចប់បន្ថែមពីលើការលក់អាវុធតម្លៃដល់ទៅ ១៩ពាន់លានដុល្លារនៃយន្តហោះចម្បាំង F-16 និងប្រព័ន្ធអាវុធសំខាន់ៗផ្សេងទៀតដែលសហរដ្ឋអាមេរិកបានយល់ព្រមសម្រាប់កោះតៃវ៉ាន់កាលពីពេលកន្លងទៅនេះ៕