រុស្ស៊ី អះអាងថាកំទេចយន្តហោះដ្រូនរបស់អ៊ុយក្រែនដល់ទៅ២៥គ្រឿងត្រឹមពេលតែមួយយប់
បរទេស ៖ ត្រឹមពេលតែមួយយប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះហ្វូងយន្តហោះគ្មានមនុស្សបើក ឬដ្រូនដល់ទៅ២៥គ្រឿងត្រូវបានបាញ់បំផ្លាញនៅពីលើទឹកដី Crimea ដែលបច្ចុប្បន្នុកំពុងគ្រប់គ្រងដោយប្រទេសរុស្ស៊ី។
ប្រតិបត្តិការវាយប្រហារដែលរុស្ស៊ីបានចោទថាជាផែនការរៀបចំឡើងដោយកងកម្លាំងយោធាអ៊ុយក្រែន ហើយលើកនេះចាត់ទុកថាវាគឺជាការវាយប្រហារដ៏ធំបំផុតមួយមកលើតំបន់ Crimea ចាប់តាំងតែពីពេលដែលរុស្ស៊ីបានដណ្តើមទឹកដីនេះបានសម្រេចពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។
យោងតាមការបញ្ជាក់ដោយក្រសួងការពារជាតិរបស់រុស្ស៊ីបានឲ្យដឹងថា ៖ ការប៉ុនប៉ងដោយរបបយោធាទីក្រុងគៀវនេះគឺជាសកម្មភាពភេវរកម្មមកលើតំបន់ Crimea ប៉ុន្តែយន្តហោះដ្រូនដល់ទៅ២៥គ្រឿងត្រូវបានកំទេចគ្មានសល់មួយឡើយ។
ទោះបីជាមិនបានលំអិត និងភស្តុតាងបន្ថែមអំពីការរវាយប្រហារនេះ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថាក្នុងចំណោម២៥គ្រឿងនោះយោធារុស្ស៊ីបានបាញ់ទំលាក់១៦គ្រឿង ហើយ៩គ្រឿងទៀតត្រូវបានបំផ្លាញប្រព័ន្ធបញ្ជាតាមរយៈអាវុធអេឡិចត្រូនិក ហើយគ្មានដ្រូនណាមួយអាចហោះសំដៅដល់គោលដៅ ឬវាយប្រហារបានទីតាំងណាមួយនៅ Crimea ឡើយ។
ដោយឡែកនៅយប់ថ្ងៃដូចគ្នានេះ ទីក្រុងមូស្គូរបស់រុស្ស៊ីក៏បានរងការវាយប្រហារដោយយន្តហោះដ្រូនមួយចំនួនផងដែរនៅភាគខាងលិច ប៉ុន្តែត្រូវបានបាញ់ទំលាក់បានជោគជ័យសាជាថ្មីដូចទៅនឹងការប៉ុនប៉ង់ស្រដៀងគ្នាកាលពីថ្ងៃទី២៤ ខែកក្កដាយ៉ាងច្នោះដែរ៕