ចិន ស្នើហ្វីលីពីនធ្វើសមយុទ្ធយោធារួមគ្នាចំពេលភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង
បរទេស ៖ សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចេញផ្សាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់សំណើទៅកាន់ប្រទេសហ្វីលីពីនដើម្បីអាចចូលរួមធ្វើសមយុទ្ធយោធាមួយជាមួយគ្នានាពេលខាងមុខ។
មេបញ្ជាការហ្វីលីពីន លោក Romeo Brawner បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា លោកនឹងធ្វើការសិក្សាទៅលើផែនការនេះជាមុន។
ថ្លែងនៅក្នុងវិដេអូដែលត្រូវបានបង្ហោះដោយទូរទស្សន៍ CNN ហ្វីលីពីនលើបណ្តាញសង្គម Twitter លោក Brawner បានថ្លែងថា ៖ ចិនបានបញ្ជូនសំណើរួចរាល់ហើយ ប៉ុន្តែភាពចាំបាច់នោះគឺហ្វីលីពីនត្រូវធ្វើការសិក្សាវាជាមុនសិន។
មកដល់ពេលនេះនៅមិនទាន់មានការអធិប្បាយបន្ថែមពីសំណាក់លោក Brawner ទេ ប៉ុន្តែអ្នកនាំពាក្យយោធាលោក Medel Aguilar បាននិយាយថា លោកបានឃើញវីដេអូនៃការសម្ភាសន៍របស់លោក Brawner និងបានអះអាងបន្ថែមថា ពិតជាមានការការសន្ទនារវាងមន្ត្រីកំពូលរូបនេះជាមួយអ្នកការទូតចិនពិតមែន ប៉ុន្តែវាមិនទាន់ជាផ្លូវការនោះទេ។
យ៉ាងណាម៉ិញ ទោះបីជាមិនទាន់មានព័ត៌មានលម្អិតផ្សេងទៀតដែលត្រូវបានផ្តល់ឱ្យសម្រាប់ផែនការធ្វើសមយុទ្ធយោធារួមដែលបានស្នើឡើងនោះក្តី ប៉ុន្តែលោក Brawner បានលើកឡើងទុកជាមុនដែរថាសមយុទ្ធយោធានេះនឹងមិនអាចធ្វើឡើងនៅក្នុងដែនសមុទ្រចិនខាងត្បូងបានជាដាច់ខាត៕