ស្ថាបនិកក្រុមហ៊ុន Netflix ប្រកាសចុះចេញពីតំណែង CEO
បរទេស ៖ លោក Reed Hastings ស្ថាបនិកក្រុមហ៊ុនផ្ដល់សេវាកម្ម streaming របស់អាមេរិក Netflix បានប្រកាសចុះចេញពី តំណែងនាយកប្រតិបត្តិ (CEO) ប៉ុន្តែលោកនឹងបន្តដឹកនាំក្រុមហ៊ុនក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ខណ:ដែលលោក Ted Sarandos ដែលជា សហ នាយកប្រតិបត្តិ (Co-CEO) នឹងឡើងកាន់តំណែងជំនួសលោក Reed Hastings។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Netflix បានឱ្យដឹងថា នៅដើមឆ្នាំនេះមានការផ្លាស់ប្ដូរតំណែងកំពូលៗជាច្រើន ដោយក្នុង នោះលោក Greg Peters តំណែងប្រធានចាត់ការទូទៅ (COO) នឹងទៅត្រូវកាន់តំណែងជា Co-CEO ជំនួសលោក Ted Sarandos ហើយក៏ត្រូវបានក្រុមហ៊ុនផ្ដល់តួនាទីជាសមជិកក្រុមប្រឹក្សាភិបាលផងដែរ។
លោក Ted Sarandos បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្ញុំចង់អរគុណ ដល់លោក Reed Hastings ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ការណែនាំ និងមិត្តភាពរបស់គាត់ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ យើងទាំងអស់គ្នាបានរៀនយ៉ាងច្រើនពីភាពម៉ត់ចត់ផ្នែកបញ្ញា ភាពស្មោះត្រង់ និងឆន្ទៈរបស់គាត់ក្នុងការសម្រេចបាន កិច្ចការងារធំៗ — ហើយយើងសង្ឃឹមថា នឹងបានធ្វើការជាមួយគាត់ម្ដងទៀត។»
គួរបញ្ជាក់ផងដែរថា Netflix ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៧ ដោយលោក Reed Hastings ហើយនៅឆ្នាំ២០២២កន្លងទៅនេះ រកចំណូលបានជិត ៣២ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធជាង ៤ពាន់លានដុល្លារ អាមេរិក៕