Close

ចិន៖ដំណោះស្រាយដោយយោធាមិនអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែនឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិន៖ដំណោះស្រាយដោយយោធាមិនអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែនឡើយ ចិន៖ដំណោះស្រាយដោយយោធាមិនអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែនឡើយ

បរទេស ៖ មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាលក្រុងប៉េកាំងថ្មីៗនេះបានលើកឡើងថា ជម្លោះនៅអ៊ុយក្រែនបានកើនឡើងទៅដល់កម្រិតមួយដែលមិនអាចព្យាករណ៍ទុកជាមុនទៀតឡើយគិតចាប់តាំងតែពីពេលដែលវាបានចាប់ផ្តើមកាលពីឆ្នាំទៅ។

ប្រេសិតពិសេសចិនប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា មកទល់ពេលនេះមានតែដំណោះស្រាយបែបនយោបាយ និងកាទូតប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាជម្លោះនេះបានដោយលោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមគ្នាដោះស្រាយដោយធ្វើយ៉ាងណាស្វែងរកការបញ្ចប់ទៅនៃការប្រើប្រាស់កម្លាំងយោធាដាក់គ្នា។

ថ្លែងនៅក្នុងអង្គប្រជុំមួយរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទលោក​ Geng Shuang ក៏បានបង្ហាញនូវ​ក្របខណ្ឌចំនួន៤​ចំណុច​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព​នាពេល​អនាគតផងដែរ ដោយលោកបានបន្ថែមទៀតថា ស្ថាប័ន​ពិភពលោក​គួរតែ​ធ្វើការ​រួមគ្នា​ដើម្បី​ការពារ​ស្ថានការណ៍មិនឲ្យឡើងដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបាន​។

ប្រេសិតពិសេសរូបនេះបានបន្តថា ការវិវត្តនៃស្ថានភាពសមរភូមិបង្ហាញថា មធ្យោបាយដោះស្រាយតាមកម្លាំងយោធានឹងមិនអាចដោះស្រាយវិបត្តិអ៊ុយក្រែនបានទេ ហើយការបន្តជម្លោះនឹងបានត្រឹមនាំមកនូវការឈឺចាប់កាន់តែច្រើនដល់ជនស៊ីវិល ហើយថែមទាំងអាចនាំទៅដល់ស្ថានភាពជម្លោះដែលមិនអាចទាយទុកជាមុនបាន និងមិនអាចជួសជុលបានជាមិនខានឡើយ។

គួរឲ្យដឹងដែរថា កាលពីនៅដើមឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្ហាញផែនទីបង្ហាញផ្លូវចំនួន១២ទំព័រដែលត្រូវបានរចនាឡើងក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធរវាងគ្នា ដោយអំពាវនាវឱ្យមានការចរចាឡើងវិញ និងលើកហេតុផលថា អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់គួរតែត្រូវបានរក្សា និងឲ្យតម្លៃដូចគ្នា។

លើសពីនេះ រដ្ឋាភិបាលចិនក៏តែងតែបានថ្កោលទោសចំពោះរាល់ការសម្រេចចិត្តដាក់ទណ្ឌកម្មឯកតោភាគីទាំងឡាយទៅលើរដ្ឋាភិបាលទីក្រុងមូស្គូ ហើយបានអះអាងថា ការពង្រីកវត្តមានរបស់អង្គការណាតូនៅអឺរ៉ុប គឺជាឫសគល់នៃជម្លោះនៅអ៊ុយក្រែនដូចបច្ចុប្បន្ន៕

អត្ថបទទាក់ទង