អាមេរិកបញ្ចូនយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងទៅកាន់តំបន់ឈូងសមុទ្រ Gulf
បរទេស ៖ សហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះបានប្រកាសថា នឹងបញ្ចូនយន្តហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿងទៅកាន់តំបន់ឈូងសមុទ្រ Gulf ក្នុងគោលបំណងដើម្បីរារាំង និងឃ្លាំមើលនាវាដឹកទំនិញរបស់អ៊ីរ៉ង់ដែលត្រូវបានរឹបអូស និងរក្សាទុកបណ្តោះអាសន្ននៅទីតាំងនោះ។
តាមផែនការ យន្តហោះចម្បាំង F-16 ទាំងនោះនឹងត្រូវធ្វើដំណើរទៅដល់គោលដៅនៅចុងសប្តាហ៍ដើម្បីអាចទប់ទល់ និងរារាំងយន្តហោះចម្បាំងរបស់អ៊ីរ៉ង់ប្រភេទ A-10 ដែលកំពុងមានចំនួនកើនឡើងខ្លាំងដូចគ្នាអស់រយៈពេលជាងមួយសប្តាហ៍កន្លងមកនេះដោយសង្ឃឹមថានឹងអាចជួយរំដោះនាវាដឹកទំនិញទាំងនោះមកវិញបាន។
សកម្មភាពនេះត្រូវបានគេមើលឃើញដែរថា បានកើតឡើងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ង់បានព្យាយាមរឹបអូសយកនាវាដឹកប្រេងចំនួន២គ្រឿងនៅជិតច្រកសមុទ្រ ហើយបើយោងតាមកងទ័ពជើងទឹកអាមេរិក បានឲ្យដឹងដែរថា ក្នុងហេតុការណ៍នោះអាមេរិកបានបើកការបាញ់ប្រហារទៅលើនាវាមួយគ្រឿងរបស់អ៊ីរ៉ង់ និងបានបង្ខំអ៊ីរ៉ង់ធ្វើការដកថយនៅពេលដែលនាវាចម្បាំងបំពាក់គ្រាប់មីស៊ីលអាមេរិកបានធ្វើដំណើរមកដល់កន្លែងកើតហេតុ។
អ្នកនាំពាក្យរបស់កងនាវាចរអង្គភាពទី៥នៃកងទ័ពជើងទឹកអាមេរិក លោក Tim Hawkins បានថ្លែងថា៖កងទ័ពជើងទឹកអ៊ីរ៉ង់បានព្យាយាមក្នុងការរឹបអូសយកនាវាដឹកប្រេងសម្រាប់កិច្ចការងារពាណិជ្ជកម្មដែលកំពុងឆ្លងកាត់ដែនទឹកអន្តរជាតិដោយស្របច្បាប់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កងទ័ពជើងទឹកអាមេរិកបានធ្វើការឆ្លើយតបភ្លាមៗចំពោះហេតុការណ៍នេះ។
យោងតាមពន្យល់លំអិតដោយកងទ័ពជើងទឹក នាវាកងទ័ពជើងទឹកអ៊ីរ៉ង់បានចូលទៅជិតនាវាTRF Moss ក្នុងឈូងសមុទ្រអូម៉ង់កាលពីថ្ងៃពុធ សប្ដាហ៍មុននេះដោយបានបង្ខំឱ្យកងទ័ពជើងទឹកអាមេរិកធ្វើការឆ្លើយតបតាមរយៈការដាក់ពង្រាយនាវាពិឃាត USS McFaul ផងយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ផង និងយន្តហោះល្បាត P-8 Poseidon ផង ទៅកាន់កន្លែងកើតហេតុ ដើម្បីទប់ស្កាត់សកម្មភាពរបស់កងទ័ពជើងទឹកអ៊ីរ៉ង់៕