កុមារកម្ពុជា ៤ រូបទៅចូលរួមកម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC 2023) នៅប្រទេសជប៉ុន
ភ្នំពេញ៖ ប្រតិភូកុមារកម្ពុជាចំនួន ៤រូប និងគ្រូដឹកនាំ១រូប នៅយប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ បាន ធ្វើដំណើរទៅកាន់ទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC 2023) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២៥ ខែកក្កដា ឆ្នាំ២០២៣។
ការធ្វើដំណើរនេះ ដោយមានការជូនដំណើរដោយផ្ទាល់ពីសំណាក់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងអាណាព្យាបាល ។
កម្មវិធីនេះផ្តល់ឱកាសដល់កុមារក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិចដែលកើតចន្លោះពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ដើម្បីធ្វើការផ្លាស់ប្តូរ និងប្រាស្រ័យទាក់ទងគ្នារវាងកុមារមកពីប្រទេសផ្សេងៗក្នុងតំបន់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំវគ្គតម្រង់ទិសដល់ប្រតិភូយុវជនកម្ពុជាចំនួន ០៧រូបបន្ថែមទៀត ដើម្បីត្រៀមខ្លួនក្នុងការចូលរួម «កម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន (JENESYS 2023)» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី០២ សីហា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
កម្មវិធី JENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង ២១០៨នាក់ហើយតាំងពីឆ្នាំ២០០៧មក៕