Close

ព្រះមហាក្សត្រ ប្រកាសឱ្យប្រើប្រាស់ “ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត” ជាផ្លូវការ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ព្រះមហាក្សត្រ ប្រកាសឱ្យប្រើប្រាស់ “ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត” ជាផ្លូវការ ព្រះមហាក្សត្រ ប្រកាសឱ្យប្រើប្រាស់ “ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត” ជាផ្លូវការ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដោយបានចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ដែលមាន៨មាត្រា ជាផ្លូវការហើយ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិប តេយ្យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំនយោបាយ ដែល មានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អ ចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលផ្តោតសំខាន់លើការ កំណត់លក្ខខណ្ឌរបស់បុគ្គលដែលឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ត្រូវបានធ្វើឡើងភ្លាមៗតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍នាពេលកន្លងមកថា ការផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជាការឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលនាំគ្នាធ្វើចលនាបំផុសមិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតជាដើម។

សម្តេចតេជោ បានឱ្យដឹងបន្តថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ នឹងកំណត់ជាពិសេសសម្រាប់បុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវតែបានចូលរួមបោះឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យគេបោះឆ្នោតនោះ។

ក្រៅតែពីកំណត់នូវលក្ខខណ្ឌសម្រាប់បុគ្គលឈរឈ្មោះឱ្យគេបោះឆ្នោតហើយនោះ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក៏មានកំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោតផងដែរ។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេសវាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់»។

ទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ «សិទ្ធិបោះឆ្នោត» របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចកកម្ពុជា។ «ការទៅបោះឆ្នោត» ឬ «ការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ដូចបណ្ដាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកនោះទេ។

អត្ថបទទាក់ទង