Close

អឺរ៉ុបព្រមានដាក់ទោសធ្ងន់ៗលើអជ្ញាធរកូសូវ៉ូ លើបញ្ហាបាតុករជនជាតិភាគតិចរបស់ស៊ែប៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អឺរ៉ុបព្រមានដាក់ទោសធ្ងន់ៗលើអជ្ញាធរកូសូវ៉ូ លើបញ្ហាបាតុករជនជាតិភាគតិចរបស់ស៊ែប៊ី អឺរ៉ុបព្រមានដាក់ទោសធ្ងន់ៗលើអជ្ញាធរកូសូវ៉ូ លើបញ្ហាបាតុករជនជាតិភាគតិចរបស់ស៊ែប៊ី

បរទេស៖ អ្នកនាំពាក្យរបស់គណកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការងារគោលនយោបាយបរទេសលោក Peter Stano នៅថ្ងៃព្រហស្បតិ៍នេះបានចេញសេចក្តីថ្លែងការណ៍ព្រមានខ្លាំងៗទៅលើរដ្ឋាភិបាលរបស់តំបន់កូសូវ៉ូប្រសិនបើនាយករដ្ឋមន្ត្រីលោក Albin Kurti មិនអាចដោះស្រាយបញ្ហាប៉ះទង្គិចគ្នាជាមួយនឹងជនជាតិភាគតិចរបស់ស៊ែបីបានទេនោះ។

លោក Stano បានរៀបរាប់បែបនេះនៅក្នុងពេលដែលលោកកំពុងមានវត្តមាននៅក្នុងទីក្រុងប្រ៊ូសែល ហើយលោកបានចង្អុលបង្ហាញចំៗថាអឺរ៉ុបនឹងរិតត្បិតទាំងទៅលើវិស័យហិរញ្ញវត្ថុផង និងនយោបាយផង ដោយក្នុងនោះមានដូចជាការរារាំងមិនឲ្យមានដំណើរទស្សនកិច្ចនៃក្រុមមន្ត្រីជាន់ខ្ពស់របស់ប្លុកអឺរ៉ុបការបង្ខាំងមូលនិធីរបស់អឺរ៉ុបនិងក៏ដូចជាការបញ្ឈប់ដំណើរការទិដ្ឋាការរវាងគ្នាផង។

ទោះបីជាយ់ាងណាក្តី លោក Stano បានធ្វើការសង្កត់ធ្ងន់ថាវិធានការបែបនេះគឺ មិនត្រូវបានចាត់ទុកជាការដាក់ទណ្ឌកម្មនៅឡើយទេ ប៉ុន្តែនៅក្នុងន័យជា វិធានការផ្លាស់ប្តូរ និងបណ្តោះអាសន្នដែលត្រូវបានរៀបចំឡើងដើម្បីបង្ខំឱ្យលោក Kurti ក្នុងការគោរពតាមចង់បានរបស់អឺរ៉ុបចំពោះមុខបញ្ហាប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា សមាជិករបស់អង្គការសហប្រជាជាតិទាំង១៩៣ប្រទេសមិនមានអ្នកណាម្នាក់ដែលគាំទ្រ និងទទួលស្គាល់កូសូវ៉ូជារដ្ឋឯករាជ្យនៅឡើយទេ ហើយខេត្តដែលផ្តាច់ខ្លួនពីប្រទេសស៊ែប៊ីនេះបច្ចុប្បន្នកំពុងទទួលបានការគាំទ្រពីសំណាក់តែអាមេរិក និងអឺរ៉ុបប៉ុណ្ណោះ។

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នាយករដ្ឋមន្ត្រីនៃតំបន់កូសូវ៉ូ លោក Kurti បានទទួលរងការរិះគន់ និងស្តីបន្ទោសខ្លាំងពីអាមេរិក និងអឺរ៉ុបចំពោះចំណាត់ការរបស់លោកតាមរយៈការប្រើប្រាស់កងកម្លាំងជនជាតិភាគតិចរបស់អាល់បានីមកបង្ក្រាបក្រុមបាតុករជនជាតិភាគតិចរបស់ស៊ែប៊ីដែលបានបណ្តាលឲ្យមានអ្នករងរបួសទាំងសងខាងដល់ទៅជិត១០០នាក់៕

អត្ថបទទាក់ទង