ជាថ្មីម្ដងទៀត សម្ដេចតេជោ អំពាវនាវឲ្យប្រជាជនចូលរួមគាំទ្រកីឡាអាស៊ានប៉ារ៉ាហ្គេមឲ្យបានផុសផុល
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៣១ ខែឧសភានេះ ក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ សម្ដេចតេជោបានក្រើនរំលឹកអំពីភាពជាម្ចាស់ផ្ទះរបស់ កម្ពុជាលើការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងចូលមកដល់ក្នុងរយៈពេល៣ថ្ងៃទៀត។
ក្នុងន័យនេះសម្ដេចតេជោ បានគូសបញ្ជាក់ថា៖ « ឥឡូវនេះសល់តែ៣ថ្ងៃទៀតទេ អាស៊ានប៉ារ៉ាហ្គេមនឹងមកដល់ ខ្ញុំសូមឱ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គាំទ្រកីឡាពិការ ដែលវាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពិការភាព។»
ដោយឡែក សម្ដេចក៏បានលើកឡើងអំពីការរៀបចំកីឡាស៊ីហ្គេមកន្លងទៅ ដែលជារួមគឺកម្ពុជាធ្វើបានយ៉ាងល្អ និងអាចទទួលស្វាគមន៍ភ្ញៀវបានយ៉ាងល្អប្រកបដោយភាពកក់ក្ដៅ។ ប៉ុន្តែយ៉ាងណា កម្ពុជានៅសល់កាតព្វកិច្ចមួយទៀតគឺ រៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលសម្ដេចនាយករដ្ឋមន្ត្រី ដាក់គោលដៅថាត្រូវតែធ្វើឲ្យល្អជាបន្តទៀត។
សម្ដេចបានបញ្ជាក់ថា ពិធីបើក-បិទវិញ គឺធ្វើមិនឲ្យចាញ់ស៊ីហ្គេមនោះទេ ផ្ទុយទៅវិញនឹងមានការបាញ់កាំជ្រួច លើសពីស៊ីហ្គេមទៅទៀត។ ដូច្នេះហើយ សូមលើកទឹកចិត្តជនពិការនៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីឲ្យពួកគេប្រឹងប្រែងឡើង… ពិការគឺគ្រាន់តែពិការរាងកាយ ប៉ុន្តែមិនពិការផ្លូវចិត្តទេ។
យ៉ាងណាមិញ នេះមិនមែនគ្រាន់តែជាការប្រារព្ធកីឡាធម្មតានោះទេ វាជាកាតព្វកិច្ចរបស់កម្ពុជាក្នុង នាមជាសមាជិកអាស៊ាន ដែលត្រូវជំរុញសមាហរណកម្មអាស៊ាន ហើយកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ហើយដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងប្រជាជនក្នុងស្រុក និងប្រជាជនក្នុងក្របខណ្ឌអាស៊ាន។
គួររំលឹកថា កាលពីថ្ងៃទី ២៦ ឧសភាកន្លងទៅថ្មីៗនេះ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ សម្ដេចតេជោក៏ធ្លាប់បានអំពាវនាវផងដែរទៅដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាជនកម្ពុជាគ្រប់គ្នាឲ្យចូលរួមគាំទ្រកីឡាអាស៊ានប៉ារ៉ាហ្គេម មិនខុសពីការគាំទ្រ កីឡាស៊ីហ្គេមនោះទេ៕