រុស្ស៊ី បណ្តុះបណ្តាលពីឡុតបេឡារូសរួចរាល់ក្នុងការប្រើប្រាស់គ្រាប់នុយក្លេអ៊ែរតាក់ទិក
បរទេស៖ យោងតាមការបញ្ជាក់ដោយក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថាកងកម្លាំងទ័ពអាកាសរបស់បេឡារូសបានបញ្ចប់វគ្គបណ្តុះបណ្តាលនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រភេទតាក់ទិក ឬ Tatical Nuclear នោះរួចរាល់ហើយ។
កិច្ចការងារដែលត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃផែនការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារូសដោយប្រទេសរុស្ស៊ី ហើយវគ្គបណ្តុះបណ្តាលនេះទៀតសោតគឺជាវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយផ្ទាល់ និងនៅក្នុងប្រទេសរុស្ស៊ីផងដែរ ពោលគឺធ្វើយ៉ាងណាដើម្បីធានាឲ្យបានថាការរៀបចំគ្រាប់នុយក្លេអ៊ែរ និងការប្រើប្រាស់ដំណើរការបានរលូនក្នុងពេលដែលត្រូវការ។
នៅក្នុងវិដេអូមួយដែលត្រូវបានដាក់បង្ហោះដោយក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញអំពីពីឡុតជនជាតិបេឡារូសម្នាក់កំពុងផ្តល់បទសម្ភាសន៍ជាមួយនឹងក្រុមអ្នករាយការណ៍។ ពីឡុតជនជាតិប៉េឡារូសបានរៀបរាប់ថាការបណ្តុះបណ្តាលនៅក្នុងទឹកដីរុស្សីបានធ្វើឲ្យកងកម្លាំងទ័ពអាកាសបេឡារូសមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់គ្រាប់នុយក្លេអ៊ែរជាមួយនឹងយន្តហោះ Su-25 បានត្រឹមត្រូវ។
រំលឹកដែរថា កាលពីខែមុនប្រធានាធិបតីរុស្ស៊ីបានប្រកាសថារដ្ឋាភិបាលទីក្រុងមូស្គូបានរៀបចំផែនការរួចរាល់ហើយក្នុងការដាក់ពង្រាយគ្រាប់ក្បាលនុយក្លេអ៊ែរមួយចំនួននៅក្នុងប្រទេសបេឡារូសដែលវាគឺជាការខិតខំមួយរបស់ទីក្រុងមូស្គូដើម្បីគំរាមកំហែងដល់បណ្តាប្រទេសលោកខាងលិចដែលតែងតែនាំគ្នាបន្តធ្វើការគាំទ្រយ៉ាងខ្លាំងក្លាទៅដល់ប្រទេសអ៊ុយក្រែនទាំងអាវុធ និងហិរញ្ញវត្ថុ។
កន្លងមករុស្ស៊ី និងបេឡារូសបានបង្កើតជាកិច្ចព្រមព្រៀងទំនាក់ទំនងជាច្រើនរួចមកហើយបូករួមទាំងនយោបាយ សេដ្ឋកិច្ច និងវិស័យយោធាផងដែរ ហើយកងទ័ពរុស្ស៊ីបានប្រើប្រាស់ទឹកដីបេឡារូសដើម្បីរំកិលចូលទៅក្នុងអ៊ុយក្រែនពីភាគខាងជើងកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានរក្សាវត្តមាននៅក្នុងប្រទេសបេឡារូសរហូតមកផងដែរ៕