Close

មេដឹកនាំថៃ និងកម្ពុជា ប្តេជ្ញាជំរុញសន្តិភាព ក្រោយកិច្ចពិភាក្សាដ៏កម្រស្តីពីជម្លោះព្រំដែន

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
មេដឹកនាំថៃ និងកម្ពុជា ប្តេជ្ញាជំរុញសន្តិភាព ក្រោយកិច្ចពិភាក្សាដ៏កម្រស្តីពីជម្លោះព្រំដែន មេដឹកនាំថៃ និងកម្ពុជា ប្តេជ្ញាជំរុញសន្តិភាព ក្រោយកិច្ចពិភាក្សាដ៏កម្រស្តីពីជម្លោះព្រំដែន

ទីក្រុង Cebu ប្រទេសហ្វីលីពីន ថ្ងៃទី៧ ខែឧសភា ៖សារព័ត៌មាន Reuters បានចុះផ្សាយថា មេដឹកនាំថៃ និងកម្ពុជា បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការបន្តវិធានការកសាងទំនុកចិត្ត ដើម្បីជំរុញបទឈប់បាញ់ដ៏ផុយស្រួយ និងស្វែងរកសន្តិភាព បន្ទាប់ពីកិច្ចពិភាក្សាដ៏កម្រមួយជុំវិញការប្រយុទ្ធគ្នាដ៏សាហាវកាលពីឆ្នាំមុនរវាងប្រទេសជិតខាងទាំងពីរ។

ប្រភពដដែលបន្តថា កងទ័ពរបស់ប្រទេសទាំងពីរ នៅតែបន្តដាក់ពង្រាយនៅតាមបណ្តោយព្រំដែនប្រវែង ៨១៧ គីឡូម៉ែត្រ ដែលមានជម្លោះជាយូរមកហើយ បន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងខែកក្កដា និងខែធ្នូ ឆ្នាំមុន បានកើនឡើងយ៉ាងឆាប់រហ័សទៅជាការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដោយកាំភ្លើងធំ និងរ៉ុក្កែត។

មេដឹកនាំថៃ និងកម្ពុជា ប្តេជ្ញាជំរុញសន្តិភាព ក្រោយកិច្ចពិភាក្សាដ៏កម្រស្តីពីជម្លោះព្រំដែន

ប្រទេសហ្វីលីពីន ដែលកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅលើកោះ Cebu បានរៀបចំកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងសមភាគីថៃ លោក អានុតិន ឆុនវីរៈគុល បន្ទាប់ពីខ្វះការទំនាក់ទំនងអស់រយៈពេលជាច្រើនខែ។

លោក អានុទីន បានមានប្រសាសន៍ថា៖“ថៃ និងកម្ពុជា គឺជាប្រទេសជិតខាងពីរ។ វាជារឿងល្អបំផុតដែលយើងត្រូវជៀសវាងជម្លោះ ព្រោះវានាំមកនូវការខាតបង់ និងការឈឺចាប់។”
លោកបានបន្ថែមថា៖“ឥឡូវនេះ គឺជាពេលដែលយើងត្រូវទន្ទឹងរង់ចាំ និងដើរលើផ្លូវនេះជាមួយគ្នាឆ្ពោះទៅរកសន្តិភាព”។

លោក អានុទីន បានវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីការបោះឆ្នោតកាលពីខែកុម្ភៈ ដោយទទួលបានការគាំទ្រពីរលកជាតិនិយម ដែលជំរុញដោយជម្លោះព្រំដែន។
មនុស្សជិត ១៥០ នាក់ ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ៣០០,០០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារការប្រយុទ្ធគ្នាទាំងពីរលើក ខណៈប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកចាប់ផ្តើមជម្លោះ។

មេដឹកនាំថៃ និងកម្ពុជា ប្តេជ្ញាជំរុញសន្តិភាព ក្រោយកិច្ចពិភាក្សាដ៏កម្រស្តីពីជម្លោះព្រំដែន

អន្តរាគមន៍របស់ Trump

ការផ្ទុះជម្លោះលើកដំបូង ត្រូវបានបញ្ចប់ក្នុងខែកក្កដា បន្ទាប់ពីអន្តរាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្រោយការប្រយុទ្ធអស់រយៈពេល ៥ ថ្ងៃ។ លោក Trump ក៏បានត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកកងទ័ព ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែតុលា។

ទោះជាយ៉ាងណា លោក Trump មិនបានទទួលជោគជ័យក្នុងការបញ្ឈប់ការផ្ទុះជម្លោះលើកទីពីរនោះទេ បើទោះបីលោកបានអះអាងថា បានជួយសង្គ្រោះបទឈប់បាញ់ក៏ដោយ។ ការប៉ះទង្គិចបានបន្តអស់រយៈពេល ២០ ថ្ងៃ មុនពេលភាគីទាំងពីរ យល់ព្រមលើបទឈប់បាញ់ទ្វេភាគី។

សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ នឹងបន្តកិច្ចពិភាក្សាបន្ថែមទៀត និងជំរុញការងារនេះតាមវិធីដែលអាចផ្តល់លទ្ធផលជាក់ស្តែង។

សម្តេចបានបញ្ជាក់ថា៖“ការពិភាក្សារបស់យើង ផ្តោតលើវិធានការកាត់បន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត ដើម្បីស្ដារ និងបង្រួបបង្រួមក្របខ័ណ្ឌដែលដំណើរការបាន សម្រាប់សន្តិភាពយូរអង្វែង និងទំនាក់ទំនងប្រក្រតីឡើងវិញ”។

កិច្ចពិភាក្សានេះ ធ្វើឡើងស្របពេលដែលភាពតានតឹងបានកើនឡើង បន្ទាប់ពីប្រទេសថៃ ប្រកាសកាលពីថ្ងៃអង្គារ ពីការបញ្ចប់ជាឯកតោភាគីនៃកិច្ចព្រមព្រៀងជាមួយកម្ពុជា ស្តីពីការរុករកថាមពលរួមនៅដែនសមុទ្រ ទោះបីកម្ពុជាបានអំពាវនាវឱ្យបន្តគោរពកិច្ចព្រមព្រៀងដែលមានអាយុកាល ២៥ ឆ្នាំក៏ដោយ។

មេដឹកនាំថៃ និងកម្ពុជា ប្តេជ្ញាជំរុញសន្តិភាព ក្រោយកិច្ចពិភាក្សាដ៏កម្រស្តីពីជម្លោះព្រំដែន

កម្ពុជា បានលើកឡើងថា ខ្លួនគ្មានជម្រើសក្រៅពីស្វែងរកដំណោះស្រាយផ្លូវច្បាប់ចំពោះការទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ក្រោមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

កិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានត្រួតពិនិត្យដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលបាននិយាយថា ភាគីទាំងពីរ បានយល់ព្រមអនុវត្តការអត់ធ្មត់ និងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនា។

លោក Marcos បានមានប្រសាសន៍ថា៖“រឿងនេះអាចកើតឡើងបាន ដោយសារជំនឿដ៏ច្បាស់លាស់ និងមុតមាំរបស់មេដឹកនាំទាំងពីរ ថាពេលនេះ គឺជាពេលសម្រាប់សន្តិភាព មិនមែនជាពេលសម្រាប់សង្គ្រាមទៀតឡើយ”៕

មេដឹកនាំថៃ និងកម្ពុជា ប្តេជ្ញាជំរុញសន្តិភាព ក្រោយកិច្ចពិភាក្សាដ៏កម្រស្តីពីជម្លោះព្រំដែន