កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៦ ផ្តោតលើសន្តិសុខថាមពល និងភាពធន់នឹងគ្រោះមហន្តរាយ
ហ្វីលីពីន៖ ប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន លោក Dave Gomez បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចប្រជុំកំពូលមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Cebu នាពេលខាងមុខនេះ នឹងផ្តោតលើការពិភាក្សាអំពីវិធីធានាសន្តិសុខថាមពល ខណៈមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
លោក Gomez បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand “Bongbong” Marcos Jr. បានផ្តួចផ្តើមឱ្យមានការកែតម្រូវរបៀបវារៈនៃកិច្ចប្រជុំ ដើម្បីរួមបញ្ចូលការពិភាក្សាអំពីសន្តិសុខថាមពល និងការឆ្លើយតបរួម ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបណ្ដាប្រទេសសមាជិក។
តាមការបញ្ជាក់បន្ថែម មេដឹកនាំអាស៊ានក៏គ្រោងនឹងពិភាក្សាអំពីការពង្រឹងភាពធន់នឹងគ្រោះមហន្តរាយផងដែរ បន្ទាប់ពីមានការធ្លាក់ផេះពីភ្នំភ្លើង Mayon ដែលបានប៉ះពាល់ដល់តំបន់មួយចំនួនក្នុងខេត្ត Albay នាពេលថ្មីៗនេះ។
![]()
លោក Gomez បានបន្ថែមថា ភាពធន់នឹងគ្រោះមហន្តរាយ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ដែលផ្តោតលើការកែលម្អប្រព័ន្ធព្រមានជាមុនតាមសហគមន៍ ការឆ្លើយតបមនុស្សធម៌យ៉ាងឆាប់រហ័ស និងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ ដើម្បីធានាថាគ្រោះមហន្តរាយមិនប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍ងាយរងគ្រោះ ប៉ុន្តែជំរុញការកសាងភាពធន់ដែលផ្តោតលើប្រជាជនទូទាំងតំបន់។
ការថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងពេលបើកមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិអាស៊ាន ឆ្នាំ២០២៦ (IMC) នៅទីក្រុង Lapu-Lapu ខេត្ត Cebu មុនកិច្ចប្រជុំកំពូល ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៧ ដល់ទី៨ ខែឧសភា ឆ្នាំ២០២៦។
ប្រធានបទអាស៊ាន ឆ្នាំ២០២៦ របស់ហ្វីលីពីន គឺ “Navigating Our Future, Together” ដែលបង្ហាញពីការរួបរួមក្នុងតំបន់ ភាពធន់ និងការប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍ដែលផ្តោតលើប្រជាជន តាមរយៈសកម្មភាពរួម។
សមាគមអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ និងមានសមាជិកចម្បងចំនួន ១០ ប្រទេស រួមមាន ប្រ៊ុយណេ កម្ពុជា ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងមីយ៉ាន់ម៉ា ខណៈទីម័រខាងកើតកំពុងស្ថិតនៅក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិ៕
