៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ
ភ្នំពេញ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ។
លោក Casey Barnett បានលើកឡើងនូវមូលហេតុមួយដែលប្រទេសថៃហ៊ានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប៉ុន្តែគម្លាតនេះ កំពុងតែរួមតូចហើយ។ នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនត្រឹមតែ ២,១% ខណៈដែល សេដ្ឋកិច្ចកម្ពុជាបានកើនឡើយយ៉ាងតិច ៤,៨%។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រីឯផលិតផលក្នុងស្រុកសរុបរបស់ថៃ វិញកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះក្នុងមួយឆ្នាំ។
សេដ្ឋកិច្ចរបស់ប្រទេសគឺពឹងផ្អែកលើកម្លាំងពលកម្ម ចំនែកប្រទេសថៃមានចំនួនប្រជាជនច្រើនជាង។ ប៉ុន្តែគម្លាត ចំនួនប្រជាជនកម្ពុជាកំពុងរួមតូច។ ក្នុងឆ្នាំ២០២៥ ប្រទេសថៃមានអត្រាផ្តល់កំណើត ១,២ ក្នុងស្ត្រីមួយនាក់ ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត ២,៥ ក្នុងស្ត្រីមួយនាក់។ ប្រសិនបើអត្រាកំណើត ២,៥ របស់ប្រទេសកម្ពុជា នៅតែបន្ត ប្រជាជនកម្ពុជានឹងមានកំណើនប្រជាជនច្រើនជាងប្រជាជនថៃក្នុងរយៈពេល ៧៥ ឆ្នាំទៅមុខ។ ទោះជា យ៉ាងណាក៏ដោយ អត្រាកំណើតរបស់កម្ពុជាបានថយចុះពី ៣,៨ ក្នុងឆ្នាំ ២០០០ មកត្រឹម ២,៥ ក្នុងឆ្នាំ ២០២៥។ អង្គការសហប្រជាជាតិបានព្យាករណ៍ថា អត្រាកំណើតរបស់ប្រជាជនកម្ពុជា នឹងថយចុះមកត្រឹម ១,៨ នៅឆ្នាំ ២១០០។ ប្រសិនបើអត្រាកំណើតរបស់កម្ពុជាថយចុះដូចការព្យាករណ៍របស់អង្គការសហប្រជាជាតិ កម្ពុជានឹងដើរក្រោយប្រទេសថៃជារៀងរហូត។

ដើម្បីសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខដែនអធិបតេយ្យភាព កម្ពុជាត្រូវចាត់វិធានការដើម្បីរក្សាអត្រាកំណើតប្រជាជន របស់ខ្លួន។ យោងតាមបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបបង្ហាញថា នៅពេលដែលអត្រាកំណើត ប្រជាជនធ្លាក់ចុះដល់ ១,៥ នោះការលំបាកក្នុងការស្រោចស្រង់សេដ្ធកិច្ចនឹងកើតមានឡើង។
ខាងក្រោមនេះជា សកម្មភាពគោល នយោបាយ ចំនួនប្រាំមួយ ដើម្បីបង្កើនចំនួនប្រជាជន និងកម្លាំងពលកម្ម៖
១. ការឈប់សម្រាកមាតុភាពរយៈពេល ៦ ខែ
រដ្ឋាភិបាលអាចពន្យារពេលឈប់សម្រាកមាតុភាពពីបីខែ ទៅប្រាំមួយខែ។ ការនេះក៏នឹងជួយគាំទ្រដល់សុខភាពទារក និងការអភិវឌ្ឍខួរក្បាល តាមរយៈរយៈពេលបំបៅដោះកូនកាន់តែយូរផងដែរ។ លើសពីនេះ វានឹងជួយឱ្យស្ត្រីបន្តស្ថិតនៅក្នុងកម្លាំងពលកម្ម ហើយប្រទេសជាតិក៏អាចទទួលបានផលប្រយោជន៍ពីកម្លាំងពលកម្ម និងផលិតភាពរបស់ពួកគាត់ផងដែរ។
២. បណ្ណមានតម្លៃ ១០០ ដុល្លារ សម្រាប់មត្តេយ្យសិក្សា
បេឡាជាតិរបបសន្តិសុខសង្គម (បសស) គួរតែចេញគូប៉ុងថែទាំកុមារតម្លៃ ១០០ដុល្លារតាមប្រព័ន្ធឌីជីថលសម្រាប់ កុមារទើបនឹងកើតទាំងអស់ ក្នុងមួយខែ ១បណ្ណ ចំពោះទារកចាប់ពីអាយុ ១៣ខែដល់ ៦៩ខែ។ បណ្ណទាំងនេះអាច ត្រូវបានផ្តល់ជូនទៅមណ្ឌលថែទាំកុមារឯកជន ឬសាលាមត្តេយ្យណាមួយ ដែលមាតាបិតាអាចដាក់ស្នើ បណ្ណទាំងនេះជូន ទៅ បសស ដើម្បីទូទាត់ឱ្យ។
ការអនុញ្ញាតឱ្យប្រើបណ្ណទាំងនេះមានសារសំខាន់សម្រាប់ទូទាត់ទៅមណ្ឌលថែទាំកុមារឯកជនណាមួយ។ ការសាកល្បងប្រើប្រាស់វិធីសាស្ត្រនេះនៅប្រទេសកម្ពុជាធ្លាប់ធ្វើពីមុនមកដែលមានបណ្ណប្រើប្រាស់ សម្រាប់មណ្ឌលថែទាំ របស់រដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល មានការប្រើប្រាស់ប័ណ្ណគូប៉ុងនេះត្រឹមតែ 5.4% ប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅប្រទេសដទៃទៀត គេអនុញ្ញាតឱ្យឪពុកម្តាយជ្រើសរើសកន្លែងក្នុងចំណោមសាលាមត្តេយ្យឯកជនណាមួយ មានការប្រើប្រាស់ប័ណ្ណគូប៉ុងមានប្រមាណជាង 66%។
វាជារឿងសំខាន់ដែលឪពុកម្តាយត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមណ្ឌលណាមួយ ក្នុងបណ្តាមណ្ឌលថែទាំកុមារ ឯកជន ដែលពួកគេគិតថាល្អបំផុតសម្រាប់ពួកគេ។ ប្រសិនបើអនុវត្តវិធីសាស្រ្តនេះ ការប្រើប្រាស់បណ្ណគូប៉ុងអាច កើនឡើងដល់ 15%។
៣. ការធានារ៉ាប់រងសុខភាពរបស់ ប.ស.ស សម្រាប់ការព្យាបាលពេលមានកូន
ខណៈពេលដែល ប.ស.ស ផ្ដល់ការគាំទ្រដល់មាតាមានផ្ទៃពោះដើម្បីសម្រាលកូននោះ មិនបានរាប់បញ្ចូលថ្លៃ ព្យាបាលក្នុងការបង្កកំណើត ដើម្បីជួយស្ត្រីមានផ្ទៃពោះនោះទេ។ ស្ត្រីនៅកម្ពុជាបច្ចុប្បន្នមានរយៈពេលអប់រំកាន់តែ ខ្ពស់ និងមានអាជីពជោគជ័យ នេះមានន័យថា ស្ត្រីភាគច្រើនកំពុងតែមានកូននៅក្នុងវ័យដែលមានអាយុច្រើន ដែលអាច ផ្តល់ភាពលំបាកដល់សុខភាពសម្រាប់ស្ត្រីមួយចំនួន។ ដូច្នេះ កម្ពុជាអាចជួយរក្សាអត្រាកំណើតប្រជាជនរបស់ខ្លួន ដោយរ៉ាប់រងថ្លៃព្យាបាលក្នុងការបង្កកំណើត។
៤. ប្រាក់រង្វាន់ ៣.០០០ ដុល្លារ សម្រាប់គូស្វាមីភរិយាដែលមានកូនទីបី និងកូនទីបួន ឬច្រើនជាងនេះ
ការស្រាវជ្រាវនៅក្នុងប្រទេសដទៃបានបង្ហាញថា ប្រាក់រង្វាន់សម្រាប់កូនដំបូងមិនបានបង្កើនអត្រាកំណើតនោះ ទេ។ វាគ្រាន់តែធ្វើឱ្យមាតាបិតាមានកូនដំបូងលឿនជាងបន្តិចប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រាក់រង្វាន់ និងការគាំទ្រ ដល់ការបង្កើតកូនទីពីរ ឬទីបីអាចផ្តល់ប្រសិទ្ធភាពក្នុងការបង្កើនអត្រាកំណើត។
៥. ចៀសវាងការជ្រើសរើសទាហានដោយការបង្ខិតបង្ខំសម្រាប់យុវជន
ដើម្បីរក្សាអត្រាកំណើត និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាគួរតែចៀសវាងការជ្រើសរើសទាហានដោយប្រើការ បង្ខិតបង្ខំ។ ប្រសិនបើកម្ពុជាតម្រូវឱ្យបុរសអាយុ ១៨ ឆ្នាំទាំងអស់ចូលបម្រើកងទ័ពរយៈពេល ២ឆ្នាំនោះនឹងមាន ការកាត់បន្ថយភ្លាមៗនូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ០,៥% ជារៀងរាល់ឆ្នាំ ដោយសារការដក កម្លាំងបុរសរហូតដល់ ៣០០.០០០ នាក់ចេញពីកម្លាំងពលកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ការជ្រើសរើសទាហាន ដោយបង្ខិតបង្ខំអាចបណ្តាលឱ្យមាន ថយចុះនូវផលិតភាពនៅក្នុងជីវិត និងប្រាក់ចំណូលផងដែរ។ ការជ្រើសរើស ទាហានដោយមានការបង្ខិតបង្ខំធ្វើឱ្យយុវជនពន្យារពេលការទទួលបានការអប់រំជំនាញដែលពួកគេចូលចិត្ត ដូចជា បច្ចេកវិទ្យាព័ត៌មាន និងវិស្វកម្ម។ លើសពីនេះ ការបម្រើក្នុងជួរយោធាត្រូវបានបង្ហាញថាធ្វើឱ្យមានការយឺតយ៉ាវក្នុង ការរៀបអាពាហ៍ពិពាហ៍។

៦. ការទាក់ទាញប្រជាជនខ្មែរដែលនៅក្រៅប្រទេស និងអ្នកជំនាញមួយចំនួនឱ្យត្រឡប់មកកម្ពុជាវិញ
ដោយសារការចាកចេញទៅក្រៅប្រទេសមានការកើនឡើងជារៀងរាល់ឆ្នាំ កម្ពុជាបានបាត់បង់កម្លាំងអ្នកធ្វើការ និង ពលកររហូតដល់ ៣០.០០០ នាក់ ។ ចំនួនជនជាតិកម្ពុជាដែលមានការអប់រំខ្ពស់ភាគច្រើនគឺរស់នៅក្រៅប្រទេស ប្រមាណជា ៣៦០.០០០ នាក់ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់ មកប្រទេសវិញ ស្ថានទូតកម្ពុជាដែលស្ថិតនៅក្រៅប្រទេសនីមួយៗ គួរតែផ្តល់គោលដៅ KPI ដើម្បីចេញជាលិខិតឆ្លងដែនដល់ប្រជាជនកម្ពុជាមួយចំនួនជារៀងរាល់ឆ្នាំ។ ធ្វើដូច្នេះ នឹងជួយជំរុញស្ថានទូតកម្ពុជាឱ្យមានការសកម្មក្នុងការ ផ្សព្វផ្សាយ និងទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់មកប្រទេសវិញ។
កម្ពុជាក៏ត្រូវការទាក់ទាញអ្នកជំនាញ និងដែលមានការអប់រំខ្ពស់មួយចំនួនពីប្រទេសដទៃផងដែរ។ កម្ពុជាអាច ចេញជាទិដ្ឋាការរយៈពេល ១០ ឆ្នាំ និងទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍សម្រាប់អ្នកជំនាញ មកពីប្រទេសអភិវឌ្ឍន៍ មួយចំនួនដែលបានជ្រើសរើស។ បច្ចុប្បន្ន កម្ពុជាមានតែទិដ្ឋាការរយៈពេល ១ ឆ្នាំប៉ុណ្ណោះ ហើយជួនកាលវាពិបាក ក្នុងការទទួលបានទិដ្ឋាការសម្រាប់ប្តីប្រពន្ធ ឬសាច់ញាតិផ្សេងទៀត។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាអាចលុបចោល កូតាលើកម្លាំងពលកម្មរបស់ជនជាតិបរទេសដែលបានបំរើអាជីវកម្មនៅក្នុងប្រទេសដែលមានបុគ្គលិកតិចជាង ២០ នាក់។
តើត្រូវចំណាយដោយរបៀបណាលើការរៀបចំគោលការណ៍ទាំងនេះ?
ដើម្បីផ្តល់ថវិកាសម្រាប់គោលនយោបាយទាំងនេះ យើងអាចបង្កើនពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពង្រីកការប្រមូលពន្ធអចលនទ្រព្យឱ្យគ្របដណ្តប់ទូទាំងប្រទេស។ បច្ចុប្បន្ននេះ ពន្ធអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ ០,១% នៃ ៨០% នៃតម្លៃទីផ្សារនៃអចលនទ្រព្យប៉ុណ្ណោះ។ នៅសហរដ្ឋអាមេរិក ពន្ធអចលនទ្រព្យប្រចាំឆ្នាំស្ថិតក្នុងចន្លោះពី ០,៥% ទៅ ២%៕