សត្វកន្ធាយក្បាលកង្កែប ដែលជាប្រភេទសត្វជិតផុតពូជ ១៥ក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ
ក្រចេះ៖ ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធបានលែង កន្ធាយក្បាលកង្កែប ចំនួន ១៥ក្បាល ត្រូវបានលែងឱ្យ ចូលដែនទឹកធម្មជាតិ ស្ថិតនៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។
ពិធីលែងត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល នាយកដ្ឋានអភិរក្សជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ អង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន។

នាឱកាសជំនួបជាមួយសហគមន៍ លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងអរគុណ ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់សមាជិកសហគមន៍ដែលបានបំពេញភារកិច្ចអភិរក្សទីជម្រកសត្វកម្រតាមដងទន្លេមេគង្គ។
លោកជំទាវបានសម្តែងនូវការថ្លែងអំណរគុណផងដែរ ដល់នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល អង្គការ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង រួមនឹងសហគមន៍ ក្នុងបេសកកម្មអភិរក្សសត្វកំពុងរងគ្រោះជិតផុតពូជ និងលើកទឹកចិត្តបន្តការងារនេះដែលមានដូចជា៖ ការពារសំបុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោងលើកស្ទួយជីវភាពប្រជាសហគមន៍។

សត្វកន្ធាយក្បាលកង្កែប ឬ Pelochlys Cantorii ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ ដោយបញ្ជីក្រហម របស់អង្គការ សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។
បច្ចុប្បន្ន កន្ធាយក្បាលកង្កែប ត្រូវបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន ហើយនៅប្រទេសកម្ពុជាតាម ដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ ដែលមានវត្តមានសត្វកន្ធាយក្បាលកង្កែបច្រើនជាងគេលើពិភពលោក។
នៅក្នុងឆ្នាំ២០២៦នេះ សំបុកកន្ធាយក្បាលកង្កែបចំនួន ១៤សំបុក ត្រូវបានរកឃើញ និងការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន១៩៥ក្បាល ត្រូវបានញ៉ាស់ដោយជោគជ័យ និងមេពូជកន្ធាយក្បាលកង្កែបចំនួន០១ ត្រូវបានជួយសង្គ្រោះនិងបាននាំយកទៅថែទាំ និងតាមដាននៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង៕

