អ្នកជំនាញជួបជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីផ្លាស់ប្តូរយោបល់អំពីការពង្រឹងសន្តិភាពតាមព្រំដែនកម្ពុជា–ថៃ
ប៉េកាំង៖ អ្នកជំនាញមកពីប្រទេសចិន កម្ពុជា និងថៃ បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ដើម្បីផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃបានឈានដល់ ហើយបានផ្អាកការប៉ះទង្គិចព្រំដែននៅឆ្នាំ២០២៥ បណ្ដោះអាសន្ន។
ក្នុងសម័យប្រជុំលើកទី២ នៃ “កិច្ចសន្ទនាចិន–កម្ពុជា–ថៃ កម្រិត Track II (មិនផ្លូវការ)” វេទិកានេះមានគោលបំណងបន្តអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលបានសម្រេចកាលពីខែធ្នូ នៅបឹង Fuxian ខេត្ត Yunnan ភាគនិរតីប្រទេសចិន និងជំរុញបរិយាកាសមតិសាធារណៈដែលអំណោយផលដល់សន្តិភាពយូរអង្វែងនៅតាមព្រំដែនកម្ពុជា–ថៃ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU) ក្រោមប្រធានបទ “ការអនុវត្តកិច្ចព្រមព្រៀង Fuxian និងការជំរុញបរិយាកាសមតិសាធារណៈប្រកបដោយសន្តិភាព” ដោយបានប្រមូលផ្តុំអ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ តំណាងអង្គការសង្គម និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយពីប្រទេសចិន កម្ពុជា និងថៃ។
អ្នកចូលរួមបានចែករំលែកករណីសិក្សា និងផ្តល់អនុសាសន៍លើបញ្ហាសំខាន់ៗ រួមមាន ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ការស្ដារឡើងវិញនៃពាណិជ្ជកម្មឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ។
លោក អ៊ឹម ជា ទីប្រឹក្សានៅក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ក្នុងសុន្ទរកថាថា៖ “យើងត្រូវតែប្រឈមមុខយ៉ាងសកម្មនឹងការបង្កើតអារម្មណ៍រំជើបរំជួល ដែលជាញឹកញាប់គ្របដណ្តប់លើចំណងជើងព័ត៌មានក្នុងតំបន់។ ក្នុងនាមជាអ្នកសារព័ត៌មាន វាជាកាតព្វកិច្ចរបស់យើងក្នុងការផ្តល់ព័ត៌មានដែលមានភាពអព្យាក្រឹត និងផ្អែកលើហេតុការណ៍ ជំនួសឱ្យការឆ្លើយតបបង្កអារម្មណ៍ ដែលអាចធ្វើឱ្យជម្លោះព្រំដែនដ៏ស្មុគស្មាញ ត្រូវបានយល់ថាជាល្បែងឈ្នះ–ចាញ់។”
ទោះបីជាមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យជាច្រើនកន្លងមកក៏ដោយ ការប៉ះទង្គិចព្រំដែននៅឆ្នាំ២០២៥ បានធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជន និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
ក្នុងអំឡុងពេលនោះ ក៏មានការធ្វើពហិការទំនិញ និងក្រុមហ៊ុនថៃក្នុងប្រទេសកម្ពុជា ខណៈដែលពលករខ្មែរជាច្រើនបានវិលត្រឡប់មកប្រទេសវិញ ពីប្រទេសថៃ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ ច្រកព្រំដែនរវាងប្រទេសទាំងពីរត្រូវបានបិទ ដែលបានកាត់បន្ថយអន្តរកម្មរវាងប្រជាជនយ៉ាងខ្លាំង។

បើទោះបីជាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីខែធ្នូកន្លងមកក៏ដោយ ស្ថានភាពសន្តិភាពនៅតាមតំបន់ព្រំដែននៅតែមានភាពផុយស្រួយ។
លោក ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានមានប្រសាសន៍ថា៖ “បញ្ហាប្រឈមផ្នែកមនុស្សធម៌ និងសង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយជម្លោះព្រំដែន ត្រូវការការវាយតម្លៃឡើងវិញ ហើយត្រូវបានពិភាក្សាបន្ថែម ដើម្បីអនុញ្ញាតឱ្យមានការអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលផ្សេងៗ ដោយមានការគាំទ្រពីប្រទេសចិន។ ដូច្នេះ ខ្ញុំអាចនិយាយបានថា កិច្ចសន្ទនាលើកទីពីរនេះ មានសារៈសំខាន់ ក៏ដូចជាកាន់តែបន្ទាន់ផងដែរ។”
លោក Kavi Chongkittavorn អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ (ISIS) បានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា អ្វីដែលសំខាន់បំផុតគឺបណ្តាញនៃការប្រាស្រ័យទាក់ទង ព្រោះការទំនាក់ទំនងផ្លូវការនៅពេលនេះមានការលំបាកខ្លាំង។ ដូច្នេះ ប្រទេសចិនបានផ្តល់វេទិកានេះ ដោយគ្មានសម្ពាធ ឬការបង្ខិតបង្ខំណាមួយឡើយ។”
ចាប់តាំងពីមានការកើនឡើងនៃជម្លោះព្រំដែនកម្ពុជា–ថៃ ប្រទេសចិន ក្នុងនាមជាអ្នកជិតខាងដ៏រួសរាយរាក់ទាក់នៃប្រទេសទាំងពីរ បានជំរុញយ៉ាងសកម្មនូវកិច្ចចរចាសន្តិភាព និងការសម្របសម្រួល។
ប្រទេសចិនបានបញ្ជូនបេសកជនពិសេសសម្រាប់កិច្ចការអាស៊ីរបស់ខ្លួនចំនួនបួនលើក ដើម្បីអនុវត្តការទូតបែប shuttle diplomacy និងសម្របសម្រួលកិច្ចប្រជុំត្រីភាគីជាច្រើន ដោយជួយភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា។
លោក Gao Fei ប្រធានសាកលវិទ្យាល័យ CFAU បានមានប្រសាសន៍ថា៖ «រួមគ្នាជាមួយប្រទេសក្នុងតំបន់ យើងកំពុងស្វែងរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះ ដែលឆ្លុះបញ្ចាំងពីគោលការណ៍សំខាន់នៃការទូតរបស់យើង គឺការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការផ្តោតលើការអភិវឌ្ឍ»។
លោកបន្តថា « នៅក្នុងអនុវត្តអន្តរជាតិនាពេលបច្ចុប្បន្ន ការប្រើប្រាស់កម្លាំងអាចហាក់ដូចជាអាចផ្តួលរំលំរដ្ឋាភិបាល ឬធ្វើឱ្យប្រទេសមួយដួលរលំក្នុងរយៈពេលខ្លី ប៉ុន្តែក្នុងរយៈពេលវែង វាមាននិន្នាការបង្កបញ្ហាធ្ងន់ធ្ងរជាងមុនសម្រាប់តំបន់។ ដូច្នេះ តើយើងអាចសម្រេចបានសន្តិភាពដែលមាននិរន្តរភាព និងយូរអង្វែងយ៉ាងដូចម្តេច? ខ្ញុំជឿថា កិច្ចខិតខំប្រឹងប្រែងរបស់យើងនៅថ្ងៃនេះ គឺជាជំហានជាក់ស្តែងមួយឆ្ពោះទៅរកគោលដៅនោះ»៕
