Close

តម្លៃប្រេងស្ទុះងើបឡើងវិញជាង ៦% នៅថ្ងៃចន្ទនេះ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
តម្លៃប្រេងស្ទុះងើបឡើងវិញជាង ៦% នៅថ្ងៃចន្ទនេះ តម្លៃប្រេងស្ទុះងើបឡើងវិញជាង ៦% នៅថ្ងៃចន្ទនេះ

តម្លៃប្រេងស្ទុះងើបឡើងវិញជាង ៦% នៅថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះជាង ៩% កាលពីថ្ងៃសុក្រ ដោយសារ ច្រកសមុទ្រ Strait of Hormuz ត្រូវបានបិទឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈការវាយប្រហារលើនាវាកាលពីចុងសប្តាហ៍។

តម្លៃប្រេងឆៅ Brent សម្រាប់កិច្ចសន្យាពេលអនាគត បានកើនឡើង ៦.១១ ដុល្លារ ឬ ៦.៧៦% ទៅដល់ ៩៦.៤៩ ដុល្លារ ក្នុងមួយបារ៉ែល នៅម៉ោង ២៣:២៧ GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក កើនឡើង ៦.៥៣ ដុល្លារ ឬ ៧.៧៩% ដល់ ៩០.៣៨ ដុល្លារ ក្នុងមួយបារ៉ែល។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលព្យាយាមឆ្លងកាត់ការបិទខ្ទប់ផ្លូវនាវារបស់សហរដ្ឋអាមេរិក។ ខណៈនេះដែរ អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមកិច្ចចរចាសន្តិភាពជុំទីពីរទេ ទោះបីមានការគំរាមកំហែងពីការវាយប្រហារតាមអាកាសជាថ្មីក៏ដោយ។

តម្លៃប្រេងស្ទុះងើបឡើងវិញជាង ៦% នៅថ្ងៃចន្ទនេះ

ច្រកសមុទ្រ Hormuz គ្រប់គ្រងប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក និងជាចំណុចសំខាន់សម្រាប់ទីផ្សារថាមពលសកល។ ស្ថានភាពនៅតំបន់នេះនៅតែមានភាពមិនច្បាស់លាស់ ខណៈការបិទ និងបើកច្រកបានកើតឡើងជាបន្តបន្ទាប់ក្នុងអំឡុងពេលភាពតានតឹងកើនឡើង។

លោក Saul Kavonic ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន MST Marquee បាននិយាយថា ទីផ្សារប្រេងកំពុងឆ្លើយតបខ្លាំងទៅនឹងសារបង្ហោះលើបណ្ដាញសង្គមពីភាគីទាំងពីរ ជាងការវាយតម្លៃលើស្ថានភាពជាក់ស្តែង ដែលអាចអនុញ្ញាតឲ្យលំហូរប្រេងត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស។

កាលពីថ្ងៃសុក្រ តម្លៃប្រេងបានធ្លាក់ចុះខ្លាំង ដែលជាការធ្លាក់ចុះប្រចាំថ្ងៃធំបំផុតចាប់តាំងពីថ្ងៃទី ១៨ ខែមេសា បន្ទាប់ពីអ៊ីរ៉ង់បាននិយាយថា នាវាពាណិជ្ជកម្មអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានក្នុងអំឡុងពេលឈប់បាញ់ ខណៈលោក Trump ក៏បាននិយាយថា អ៊ីរ៉ង់យល់ព្រមមិនបិទច្រកនេះឡើងវិញ។

លោក Kavonic បានបន្ថែមថា ការប្រកាសបើកច្រកសមុទ្រនោះអាចធ្វើឡើងមុនពេលសមស្រប ហើយម្ចាស់នាវានឹងកាន់តែប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លងកាត់ ដោយមិនទាន់មានទំនុកចិត្តពេញលេញលើសុវត្ថិភាពនៅឡើយ។

ទិន្នន័យពីក្រុមហ៊ុន Kpler បានបង្ហាញថា កប៉ាល់ជាង ២០ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃសៅរ៍ ដោយដឹកជញ្ជូនប្រេង ឧស្ម័នរាវ លោហធាតុ និងជី ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១ ខែមីនា៕ប្រភព៖ cnbc

តម្លៃប្រេងស្ទុះងើបឡើងវិញជាង ៦% នៅថ្ងៃចន្ទនេះ