លោក Rubio ថា អាមេរិកអាចនឹងពិនិត្យឡើងវិញចំពោះទំនាក់ទំនងជាមួយ NATO
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចនឹងពិនិត្យឡើងវិញចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការ NATO បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បញ្ចប់។
លោកបាននិយាយក្នុងបទសម្ភាសន៍ជាមួយអ្នកដឹកនាំកម្មវិធី Sean Hannity លើទូរទស្សន៍ Fox News ថា៖ “ខ្ញុំគិតថា គ្មានការសង្ស័យទេ បន្ទាប់ពីជម្លោះនេះបញ្ចប់ យើងនឹងត្រូវពិនិត្យឡើងវិញទំនាក់ទំនងនោះ ហើយពិនិត្យមើលតម្លៃរបស់ NATO សម្រាប់ប្រទេសរបស់យើងឡើងវិញផងដែរ”។
លោកបានបន្ថែមថា ការសម្រេចចិត្តចុងក្រោយនឹងស្ថិតនៅលើប្រធានាធិបតី Donald Trump។
លោក Rubio បានពន្យល់ថា នៅពេលដែលលោកនៅជាសមាជិកព្រឹទ្ធសភា លោកធ្លាប់ជាអ្នកគាំទ្រដ៏រឹងមាំម្នាក់របស់ NATO ព្រោះលោកឃើញថា អង្គការនេះមានតម្លៃសំខាន់ចំពោះសហរដ្ឋអាមេរិក។

លោកបានបញ្ជាក់ថា តម្លៃសំខាន់មួយរបស់ NATO គឺការមានមូលដ្ឋានយោធានៅអឺរ៉ុប ដែលអនុញ្ញាតឱ្យយោធាអាមេរិកអាចពង្រីកសមត្ថភាពទៅតំបន់ផ្សេងៗនៅលើពិភពលោកបាន។
ទោះជាយ៉ាងណា លោកបានព្រមានថា ប្រសិនបើមានស្ថានភាពមួយដែលសម្ព័ន្ធភាព NATO មិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធាទាំងនោះ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន នោះតម្លៃនៃ NATO នឹងត្រូវបានពិនិត្យឡើងវិញ។
លោកបានបន្ថែមថា ទោះបីជាសហរដ្ឋអាមេរិកមិនបានស្នើឱ្យសម្ព័ន្ធមិត្ត NATO ចូលរួមវាយប្រហារតាមអាកាសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែពេលសហរដ្ឋអាមេរិកត្រូវការប្រើប្រាស់មូលដ្ឋានយោធារបស់ពួកគេ ក៏មានការបដិសេធ។
“បើយើងមិនអាចប្រើមូលដ្ឋានទាំងនោះបានទេ នោះហេតុអ្វីបានជាយើងនៅក្នុង NATO?” លោកបានលើកសំណួរ។
ការលើកឡើងរបស់លោក Rubio កើតឡើង ខណៈដែលប្រទេសអឺរ៉ុបមួយចំនួនបានដាក់កម្រិតលើការប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនដោយសហរដ្ឋអាមេរិក។
តាមរបាយការណ៍ កាលពីព្រឹកថ្ងៃអង្គារ ប្រទេសអ៊ីតាលីបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះអាមេរិកចុះចត ខណៈកំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីបំពេញបេសកកម្មយោធា។
ជាមួយគ្នានេះ កាលពីថ្ងៃចន្ទ ប្រទេសអេស្ប៉ាញក៏បានបិទដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះអាមេរិកដែលពាក់ព័ន្ធនឹងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់ផងដែរ៕
