Close

លោក Balendra Shah តារារ៉េប ទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងសភានេប៉ាល់

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Balendra Shah តារារ៉េប ទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងសភានេប៉ាល់ លោក Balendra Shah តារារ៉េប ទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងសភានេប៉ាល់

លទ្ធផលបោះឆ្នោតសភាចុងក្រោយនៅប្រទេសនេប៉ាល់បានបង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយ ខណៈគណបក្ស Rastriya Swatantra Party (RSP) ដឹកនាំដោយអ្នកនយោបាយវ័យក្មេង និងជាតារ៉េប លោក Balendra Shah បានឈ្នះសំឡេងភាគច្រើនក្នុងសភា។

យោងតាមគណៈកម្មការបោះឆ្នោតនេប៉ាល់ គណបក្ស RSP ទទួលបានអាសនៈសរុប ១៨២ ក្នុងចំណោម ២៧៥ អាសនៈ។ ក្នុងនោះ មាន ១២៥ អាសនៈ ត្រូវបានឈ្នះតាមការបោះឆ្នោតដោយផ្ទាល់ និង ៥៧ អាសនៈ តាមប្រព័ន្ធសមាមាត្រ។

ជាមួយគ្នានេះគណបក្ស Nepali Congress ដែលធ្លាប់ជាគណបក្សធំបំផុតក្នុងសភាមុន ទទួលបានត្រឹម ៣៨ អាសនៈ ប៉ុណ្ណោះ ខណៈគណបក្សកុម្មុយនិស្តដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី KP Sharma Oli ទទួលបាន ២៥ អាសនៈ។ ក្នុងការប្រកួតប្រជែងផ្ទាល់ លោក Shah ក៏បានផ្តួលលោក Oli ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីបួនដងផងដែរ។

ការបោះឆ្នោតនៅថ្ងៃទី ៥ ខែមីនា គឺជាការបោះឆ្នោតដំបូងបន្ទាប់ពីការតវ៉ាប្រឆាំងអំពើពុករលួយក្នុងខែកញ្ញា ឆ្នាំ២០២៥ ដែលបានបណ្តាលឲ្យរដ្ឋាភិបាលមុនដួលរលំ។

លោក Balendra Shah តារារ៉េប ទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងសភានេប៉ាល់

ចលនាតវ៉ារបស់យុវជន

បាតុកម្មដែលគេស្គាល់ថា “Gen Z protests” បានផ្ទុះឡើងបន្ទាប់ពីមានការហាមឃាត់បណ្តាញសង្គមក្នុងរយៈពេលខ្លី ហើយបានពង្រីកទៅជាការមិនពេញចិត្តទូលំទូលាយចំពោះអំពើពុករលួយ និងសេដ្ឋកិច្ចដែលកំពុងជួបការលំបាក។ ក្នុងអំឡុងពេលនោះ មានមនុស្សយ៉ាងហោចណាស់ ៧៧ នាក់ បានស្លាប់។

ក្នុងអំឡុងពេលចលាចលនយោបាយនេះ Balendra Shah ដែលធ្លាប់ប្រើតន្ត្រីរបស់ខ្លួនរិះគន់បញ្ហាសង្គម បានក្លាយជារូបសញ្ញានៃការតវ៉ា។ បទចម្រៀងរបស់គាត់ “Nepal Haseko” (Nepal Smiling) ទទួលបានការមើលជាង ១០ លានដង នៅលើ YouTube។

ជ័យជម្នះរបស់លោក Shah ក៏បង្ហាញពីការកើនឡើងនៃឥទ្ធិពលនយោបាយរបស់យុវជនក្នុងប្រទេសដែលមានប្រជាជនជិត ៣០ លាននាក់ ហើយប្រហែល ៤០ ភាគរយ មានអាយុក្រោម ៣៥ ឆ្នាំ។

ក្តីសង្ឃឹមសម្រាប់ស្ថិរភាពនយោបាយ

ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ Fitch Ratings បានអះអាងថា ជ័យជម្នះរបស់ RSP អាចជួយកាត់បន្ថយភាពមិនប្រាកដប្រជាផ្នែកនយោបាយក្នុងរយៈពេលខ្លី និងបង្កើតឱកាសសម្រាប់ការកែលម្អអភិបាលកិច្ច និងការកែទម្រង់សេដ្ឋកិច្ច។

ទីភ្នាក់ងារនេះបញ្ជាក់ថា សំឡេងភាគច្រើនរបស់ RSP អាចជួយជៀសវាងការចរចាបង្កើតរដ្ឋាភិបាលសម្ព័ន្ធដែលអូសបន្លាយពេលយូរ ហើយអាចបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ ប្រសិនបើមានសញ្ញានៃការកែលម្អអភិបាលកិច្ច។

ទោះជាយ៉ាងណា Fitch Ratings ក៏បានព្រមានថា សមត្ថភាពអនុវត្តគោលនយោបាយនៅតែជាបញ្ហាប្រឈម ដោយសារប្រសិទ្ធភាពរដ្ឋាភិបាល និងគុណភាពបទប្បញ្ញត្តិរបស់នេប៉ាល់នៅតែទាប បើប្រៀបធៀបនឹងប្រទេសដៃគូ៕

លោក Balendra Shah តារារ៉េប ទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងសភានេប៉ាល់