Close

ក្រុមប្រទេស G7 នឹងចាត់វិធានការចាំបាច់ ដើម្បីគាំទ្រការផ្គត់ផ្គង់ប្រេង

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ក្រុមប្រទេស G7 នឹងចាត់វិធានការចាំបាច់ ដើម្បីគាំទ្រការផ្គត់ផ្គង់ប្រេង ក្រុមប្រទេស G7 នឹងចាត់វិធានការចាំបាច់ ដើម្បីគាំទ្រការផ្គត់ផ្គង់ប្រេង

វ៉ាស៊ីនតោន៖ ក្រុមប្រទេស G7 បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការចាំបាច់ ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ថាមពលសកល បន្ទាប់ពីផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងលើការបញ្ចេញប្រេងឆៅពីស្តុកបម្រុងយុទ្ធសាស្ត្រនោះទេ។

តម្លៃប្រេងបានកើនឡើងដល់ជិត ១២០ ដុល្លារ ក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទ ដោយសារការព្រួយបារម្ភពីការរំខានរយៈពេលវែងចំពោះការផ្គត់ផ្គង់។ ប៉ុន្តែបន្ទាប់មកវាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនក្តីសង្ឃឹមថា សង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ក្រុមប្រទេស G7 នឹងចាត់វិធានការចាំបាច់ ដើម្បីគាំទ្រការផ្គត់ផ្គង់ប្រេង

នៅក្នុងកិច្ចប្រជុំជម្រើសនៃការបញ្ចេញប្រេងពីស្តុកបម្រុង ត្រូវបានពិភាក្សាជាមួយជម្រើសផ្សេងៗទៀត។ ប្រធាន IEA លោក Fatih Birol បាននិយាយថា ទីផ្សារប្រេងពិភពលោក «បានតឹងរ៉ឹងខ្លាំង» ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោក Birol បានបន្ថែមថា៖«ក្រៅពីបញ្ហាប្រឈមនៃការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ក៏មានការកាត់បន្ថយបរិមាណផលិតកម្មប្រេងយ៉ាងច្រើនផងដែរ។ ស្ថានភាពនេះកំពុងបង្កើតហានិភ័យដ៏ធ្ងន់ធ្ងរ និងកំពុងកើនឡើងសម្រាប់ទីផ្សារប្រេងពិភពលោក»។
បច្ចុប្បន្ន ប្រទេសសមាជិក IEA មានស្តុកប្រេងសង្គ្រោះបន្ទាន់សាធារណៈជាង ១,២ ពាន់លានបារ៉ែល ហើយក៏មានស្តុកប្រេងឧស្សាហកម្មប្រហែល ៦០០ លានបារ៉ែលបន្ថែមទៀត ដែលត្រូវបានរក្សាទុកក្រោមកាតព្វកិច្ចរបស់រដ្ឋាភិបាល។

បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Roland Lescure បាននិយាយថា៖ «យើងមិនទាន់ដល់ដំណាក់កាលនោះនៅឡើយទេ» ក្នុងការឆ្លើយសំណួរថា តើស្តុកប្រេងសង្គ្រោះបន្ទាន់នឹងត្រូវបញ្ចេញឬអត់។ប្រសិនបើការបញ្ចេញស្តុកប្រេងនេះកើតឡើង វានឹងក្លាយជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីការឈ្លានពានពេញលេញរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រទេស G7 បាននិយាយថា៖«យើងត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការចាំបាច់ រួមទាំងការគាំទ្រការផ្គត់ផ្គង់ថាមពលសកល ដូចជាការបញ្ចេញស្តុកប្រេង»។

អធិការបតីចក្រភពអង់គ្លេស លោកស្រី Rachel Reeves បាននិយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសបានប្រើកិច្ចប្រជុំនេះ ដើម្បីអំពាវនាវឱ្យមាន «ការបន្ថយភាពតានតឹង» នៅតំបន់មជ្ឈិមបូព៌ា និងធានាសុវត្ថិភាពសម្រាប់នាវាដឹកទំនិញនៅក្នុងតំបន់។

លោកស្រីបានបន្ថែមថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រការបញ្ចេញរួមគ្នានៃស្តុកប្រេងរបស់ IEA»។
ការរំខានធំៗចំពោះការផ្គត់ផ្គង់ថាមពលពីតំបន់នេះ អាចធ្វើឱ្យតម្លៃថាមពលកើនឡើងសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មនៅទូទាំងពិភពលោក។ ការកើនឡើងអតិផរណាក៏អាចធ្វើឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់បានតិចជាងមុនផងដែរ។
ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក ត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណា ចរាចរណ៍តាមច្រកសមុទ្រតូចចង្អៀតនេះ ត្រូវបានផ្អាកជាច្រើន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាងមួយសប្តាហ៍មកហើយ។

ក្រុមប្រទេស G7 នឹងចាត់វិធានការចាំបាច់ ដើម្បីគាំទ្រការផ្គត់ផ្គង់ប្រេង

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសថ្មីៗនៅទូទាំងប្រទេសអ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ដោយវាយប្រហារគោលដៅជាច្រើន រួមទាំងឃ្លាំងប្រេងផងដែរ។

ក្នុងពេលដំណាលគ្នា អ៊ីរ៉ង់បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅប្រទេសក្នុងតំបន់ឈូងសមុទ្រជិតខាង។ ពេញមួយយប់ អារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកពីរ ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប្រេងសំខាន់មួយ។

កាលពីសប្តាហ៍មុន ទីផ្សារបានធូរស្រាលពីការព្រួយបារម្ភអំពីសេណារីយ៉ូអាក្រក់ ដែលអាចធ្វើឱ្យប្រេងឆៅ និងឧស្ម័នរាវរាប់លានបារ៉ែលជាប់គាំងនៅក្នុងឈូងសមុទ្រ។ប៉ុន្តែការវាយប្រហារនៅចុងសប្តាហ៍ និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ទាំងនៅអ៊ីរ៉ង់ និងនៅតំបន់ឈូងសមុទ្រ បានធ្វើឱ្យទីផ្សារមានការភ័យខ្លាចឡើងវិញយ៉ាងឆាប់រហ័ស។

នៅព្រឹកថ្ងៃចន្ទ នៅទីផ្សារអាស៊ី តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជាង ២៥% ដល់ ១១៩,៥០ ដុល្លារ ក្នុងមួយបារ៉ែល មុនពេលធ្លាក់ចុះក្រោម ៩០ ដុល្លារ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រាប់ទូរទស្សន៍ CBS ថា «សង្គ្រាមអាចបញ្ចប់បានល្អប្រសើរ»។

ប្រធានាធិបតីអាមេរិកក៏ធ្លាប់បានបដិសេធការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃប្រេងផងដែរ។កាលពីថ្ងៃអាទិត្យ លោកបានបង្ហោះលើបណ្តាញសង្គម Truth Social របស់លោកថា៖«ការកើនឡើងតម្លៃប្រេងក្នុងរយៈពេលខ្លី ដែលនឹងធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស នៅពេលការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានបញ្ចប់ គឺជាតម្លៃតូចមួយសម្រាប់សុវត្ថិភាព និងសន្តិភាពរបស់សហរដ្ឋអាមេរិក និងពិភពលោក»៕