អតីតប្រធានស៊ើបការណ៍សម្ងាត់របស់អីរ៉ង់ លោក Taeb ត្រូវបានចាប់ខ្លួន សង្ស័យឱ្យការទៅអ៊ីស្រាអែល
តេអ៊ីរ៉ង់៖ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបង្ហាញពីភាពតានតឹងនៅកំពូលអំណាចក្នុងទីក្រុងតេអេរ៉ង់ មានរបាយការណ៍ផ្សព្វផ្សាយលើបណ្តាញសង្គម X អះអាងថា លោក Hossein Taeb អតីតប្រធានស៊ើបការណ៍សម្ងាត់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC Intelligence) ត្រូវបានចាប់ខ្លួនដោយកម្លាំងឆ្មាំបដិវត្តន៍ផ្ទាល់ខ្លួនរបស់លោក ក្រោមការសង្ស័យថាមានទំនាក់ទំនងជាមួយ Mossad របស់អ៊ីស្រាអែល។
តាមការអះអាងដដែល លោក Taeb បានចាកចេញពីកិច្ចប្រជុំកម្រិតខ្ពស់ជាមួយមេដឹកនាំកំពូល Ali Khamenei ត្រឹមតែ ២០ នាទីប៉ុណ្ណោះ មុនពេលកើតមានការវាយប្រហារថ្មីៗដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើគោលដៅមួយចំនួនក្នុងប្រទេសអ៊ីរ៉ង់ ដោយលោកបានលើកហេតុផលថាមានបញ្ហាសុខភាព។

ប្រភពលើបណ្តាញសង្គមមួយចំនួន បានយកហេតុការណ៍នេះធ្វើជាមូលហេតុសង្ស័យថាអាចមានការក្បត់ផ្ទៃក្នុង។
លោក Taeb ដែលត្រូវបានគេចាត់ទុកថាជាតួអង្គមានឥទ្ធិពល និងគួរឱ្យខ្លាចម្នាក់ក្នុងប្រព័ន្ធសន្តិសុខអ៊ីរ៉ង់ ត្រូវបានដកចេញពីតំណែងប្រធានស៊ើបការណ៍សម្ងាត់នៅឆ្នាំ ២០២២ បន្ទាប់ពីមានការរិះគន់អំពីការបរាជ័យក្នុងការទប់ស្កាត់ប្រតិបត្តិការរបស់អ៊ីស្រាអែល និងបញ្ហាចារកម្មជាច្រើនករណី។
ការអះអាងអំពីការចាប់ខ្លួនលើកនេះ បើត្រូវបានបញ្ជាក់ អាចបង្ហាញពីការប្រឈមមុខផ្ទៃក្នុង និងការត្រួតពិនិត្យខ្លាំងឡើងនៅក្នុងរបប។
ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពីអាជ្ញាធរអ៊ីរ៉ង់បញ្ជាក់អំពីការចាប់ខ្លួននេះឡើយ ហើយការអះអាងទាំងនេះនៅតែមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ក្រៅពីប្រភពបណ្តាញសង្គម។
ទោះជាយ៉ាងណា ព័ត៌មានលេចធ្លោបែបនេះ បានបង្កើនការចាប់អារម្មណ៍ និងការសង្ស័យអំពីស្ថិរភាព និងភាពស្មោះត្រង់នៅកម្រិតខ្ពស់បំផុតនៃរបបអ៊ីរ៉ង់៕