លោក សុខ ឥសាន៖ សកម្មភាពរបស់សៀមក្រោយបទឈប់បាញ់ ជាទង្វើឈ្លានពាន មិនមែនប៉ះទង្គិចព្រំដែនធម្មតា
ភ្នំពេញ៖ លោក សុខ ឥសាន បានបញ្ចេញមតិយោបល់ជាសាធារណៈ ពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា–សៀម ដោយអះអាងថា សកម្មភាពជាច្រើនដែលបានកើតឡើងក្រោយបទឈប់បាញ់ គឺជាទង្វើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា មិនមែនជាការប៉ះទង្គិចតាមបណ្តោយព្រំដែនធម្មតាដូចដែលភាគីសៀមបានលើកឡើងឡើយ។
ជំរុញសម្ភាសន៍អន្តរជាតិ បង្ហាញការពិតពីកម្ពុជា
លោកសុខ ឥសាន បានលើកឡើងថា ការធ្វើបទសម្ភាសន៍ជាមួយ AOT និងជនបរទេស គឺជាជំហានវិជ្ជមានមួយ ដើម្បីបញ្ជាក់ការពិតពីស្ថានការណ៍នៅកម្ពុជា។ លោកផ្តល់យោបល់ថា គួរអញ្ជើញជនបរទេស និងអ្នកជំនាញអន្តរជាតិឲ្យបានច្រើន ដែលមានការចាប់អារម្មណ៍លើបញ្ហាកម្ពុជា មកធ្វើបទសម្ភាសន៍ និងផ្សព្វផ្សាយតាមរយៈកាសែត វិទ្យុ និងទូរទស្សន៍នានា ដើម្បីបង្ហាញការពិតជូនសាធារណជនអន្តរជាតិ។
ចោទថាសៀម “លេងល្បិច” ក្រោយបទឈប់បាញ់
តាមការអះអាងរបស់លោក បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន កងទ័ពសៀមបានរុលចូលមកក្នុងទឹកដីកម្ពុជាភ្លាមៗ ហើយព្យាយាមអះអាងថា ការឈរជើងនៅទីតាំងណា គឺត្រូវនៅត្រឹមទីតាំងនោះ។ លោកថា ទង្វើនេះជាការបកស្រាយបទឈប់បាញ់ដោយល្បិចលួចលាក់។
លោកបន្ថែមថា ការយកលួសបន្លា និងទូកុងតឺន័រមកដាក់ក្នុងទឹកដីកម្ពុជា ក៏បានធ្វើឡើងក្រោយបទឈប់បាញ់ដែរ។ មិនតែប៉ុណ្ណោះ ការសាងសង់ផ្លូវថ្មី ការជីកប្រឡាយ ការវាយកម្ទេចរូបបដិមាព្រះវិស្ណុ អគារសាធារណៈ និងវត្តអារាម ព្រមទាំងការជីកលេណដ្ឋានរឹងមាំ សុទ្ធសឹងតែកើតឡើងក្រោយបទឈប់បាញ់ទាំងអស់។
អះអាងពីតួនាទីអង្គការអន្តរជាតិ
ពាក់ព័ន្ធនឹងយន្តការអន្តរជាតិ លោកបានលើកឡើងថា ក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមដោយ លោក ដូណាល់ ត្រាំ បានទទួលការឯកភាពពី United Nations (អ.ស.ប.) ហើយ ដូច្នេះត្រូវបានចាត់ទុកថាជាយន្តការអន្តរជាតិស្របច្បាប់។

លោកបន្តថា អ.ស.ប. និងអង្គការសន្តិភាព មានតួនាទីប្រហាក់ប្រហែលគ្នា គឺការពារ និងដោះស្រាយទំនាស់រវាងរដ្ឋ និងរដ្ឋ ព្រមទាំងជួយជំរុញការអភិវឌ្ឍប្រទេសសមាជិកនៅលើពិភពលោក។ លោកក៏បានលើកឡើងផងដែរថា អង្គការទាំងនេះចំណាយថវិកាភាគច្រើនដោយទទួលការគាំទ្រពី United States។
បដិសេធការបកស្រាយថាជាការប៉ះទង្គិចព្រំដែន
លកសុខ ឥសាន បានបដិសេធការអះអាងរបស់ភាគីសៀម ដែលព្យាយាមបំលែងការឈ្លានពានទឹកដីកម្ពុជាថាជាការប៉ះទង្គិចគ្នាតាមព្រំដែន។ លោកថា ភស្តុតាង និងស្ថានការណ៍ជាក់ស្តែង បង្ហាញថា វាជាទង្វើឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយមិនអាចលាក់បាំងបាន។
លោកបញ្ជាក់ថា ក្រោយបទឈប់បាញ់ មានក្រុម AOT ជាសាក្សី រួមទាំងសារព័ត៌មានអន្តរជាតិ និងប្រជាពលរដ្ឋនៅតាមភូមិពាក់ព័ន្ធ ដែលអាចបញ្ជាក់ពីទង្វើឈ្លានពាននោះ។
ប្រៀបធៀបនឹងស្ថានការណ៍អ៊ុយក្រែន
ជាមួយគ្នានេះ លោកបានលើកឡើងថា ស្ថានការណ៍នៅកម្ពុជា ខុសពីស្ថានការណ៍នៅ Ukraine ដោយអះអាងថា កម្ពុជាមិនអាចបោះបង់ទឹកដីដែលត្រូវបានឈ្លានពានខុសច្បាប់ក្រោយបទឈប់បាញ់ ដើម្បីប្តូរជាសន្តិភាពបាននោះទេ។
លោកសុខ ឥសាន ក៏បានរិះគន់ក្រុមដែលលោកហៅថា “ក្រុមឧទ្ទាមក្រៅច្បាប់” ថា គ្រាន់តែធ្វើការវាយប្រហារផ្នែកនយោបាយមកលើរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនមានសមត្ថភាពណាមួយក្នុងការដោះស្រាយបញ្ហាការឈ្លានពានឡើយ។
ការអះអាងទាំងនេះ បានបន្ថែមកំដៅនយោបាយជុំវិញវិបត្តិព្រំដែន ខណៈដែលភាគីពាក់ព័ន្ធនៅតែបន្តការតាមដាន និងរង់ចាំដំណោះស្រាយតាមយន្តការអន្តរជាតិ៕