ក្រុមហ៊ុនស្រាបៀ Heineken គ្រោងកាត់បន្ថយបុគ្គលិក ៦,០០០ នាក់ ខណៈតម្រូវការស្រាបៀរធ្លាក់ចុះ
អឺរ៉ុប៖ ក្រុមហ៊ុនផលិតស្រាបៀរធំជាងគេទីពីរនៅលើពិភពលោក គឺក្រុមហ៊ុន Heineken បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រមាណ ៦,០០០ នាក់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីជាការសន្សំសំចៃថ្លៃដើម ខណៈតម្រូវការស្រាបៀរកំពុងធ្លាក់ចុះនៅតាមទីផ្សារសំខាន់ៗ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសហូឡង់មួយនេះ បានឲ្យដឹងថា ការកាត់បន្ថយបុគ្គលិកនេះ គឺជាផ្នែកមួយនៃការពន្លឿនផលិតភាពតាមមាត្រដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាព និងសន្សំប្រាក់ចំណាយ ដោយកាត់បន្ថយតួនាទីចន្លោះពី ៥,០០០ ទៅ ៦,០០០ កន្លែង។
ក្រុមហ៊ុនបានព្រមានជាច្រើនខែមកហើយថា តម្រូវការស្រាបៀរកំពុងថយចុះនៅទីផ្សារសំខាន់ៗ ខណៈអ្នកប្រើប្រាស់កាន់តែប្រុងប្រយ័ត្នចំពោះការចំណាយ បន្ទាប់ពីអតិផរណាបន្តអស់រយៈពេលជាច្រើនឆ្នាំ និងការកើនឡើងតម្លៃជាបន្តបន្ទាប់ក្នុងវិស័យនេះ។

ការធ្វើបច្ចុប្បន្នភាពចុងក្រោយបានបង្ហាញថា បរិមាណលក់ស្រាបៀររបស់ក្រុមហ៊ុនបានធ្លាក់ចុះក្នុងឆ្នាំ២០២៥ ដោយមានការធ្លាក់ចុះខ្លាំងនៅអឺរ៉ុប និងអាមេរិក។ ក្រុមហ៊ុនក៏បានព្យាករណ៍ថា កំណើនប្រាក់ចំណេញនៅឆ្នាំ២០២៦ នឹងមានល្បឿនយឺតជាងមុន ដែលបង្កើនសម្ពាធឲ្យក្រុមហ៊ុនស្វែងរកវិធានការកាត់បន្ថយថ្លៃដើមបន្ថែម។
យោងតាមទិន្នន័យក្រុមហ៊ុន បរិមាណស្រាបៀរសរុបបានធ្លាក់ចុះ ២,៤% កាលពីឆ្នាំមុន។ ក្នុងនោះ តំបន់អឺរ៉ុបធ្លាក់ចុះ ៤,១% ខណៈតំបន់អាមេរិកធ្លាក់ចុះ ៣,៥%។ Heineken គឺជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេទីពីរនៅពិភពលោក បន្ទាប់ពី AB InBev។
ជាមួយគ្នានេះ នាយកប្រតិបត្តិ លោក Dolf van den Brink ក៏បានប្រកាសកាលពីខែមុនថា លោកនឹងលាលែងពីតំណែង បន្ទាប់ពីកាន់តំណែងអស់រយៈពេលជិត៦ឆ្នាំ។ លោកបានថ្លែងថា លោកចាកចេញជាមួយ “អារម្មណ៍លាយឡំ” បន្ទាប់ពីបានដឹកនាំក្រុមហ៊ុនឆ្លងកាត់ស្ថានភាពសេដ្ឋកិច្ច និងនយោបាយដ៏ច្របូកច្របល់ក្នុងរយៈពេលកន្លងមក។
ការកាត់បន្ថយការងារនេះ ក៏ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញទូលំទូលាយ ស្របតាមយុទ្ធសាស្ត្រ “EverGreen 2030” រយៈពេលវែងរបស់ក្រុមហ៊ុន។ កាលពីខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនបានប្រកាសផ្លាស់ប្តូរការិយាល័យកណ្តាលសកល និងអនុវត្តវិធានការដើម្បីធ្វើឲ្យអង្គការកាន់តែសាមញ្ញ ប្រសើរឡើង និងជំរុញឌីជីថលភាវូបនីយកម្ម។
សម្រាប់ឆ្នាំ២០២៦ ក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការពេញមួយឆ្នាំ នឹងកើនឡើងក្នុងចន្លោះពី ២% ទៅ ៦%។ បច្ចុប្បន្ន Heineken មានបុគ្គលិកប្រមាណ ៨៧,០០០ នាក់ នៅទូទាំងពិភពលោក៕
![]()