Close

កម្ពុជា–អូស្ត្រាលី រួមគ្នា ការពារទន្លេមេគង្គ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា–អូស្ត្រាលី រួមគ្នា ការពារទន្លេមេគង្គ កម្ពុជា–អូស្ត្រាលី រួមគ្នា ការពារទន្លេមេគង្គ

ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តគម្រោងរួមគ្នាការពារទន្លេមេគង្គ។

ក្នុងនោះ ភាគីទាំងពីរបានសហការរៀបចំអនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (Strategic Environmental Assessment – SEA) ដែលជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងជាគោលការណ៍ណែនាំសម្រាប់ការអនុវត្តនៅកម្ពុជា។

គោលបំណងសំខាន់នៃអនុក្រឹត្យនេះ គឺធានាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងតំបន់ទន្លេមេគង្គ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានបញ្ជាក់តាមរយៈពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀង រវាងក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ី (The Asia Foundation) ស្តីពីការរៀបចំអនុក្រឹត្យ SEA និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

កម្ពុជា–អូស្ត្រាលី រួមគ្នា ការពារទន្លេមេគង្គ

អនុក្រឹត្យស្តីពី SEA មានតួនាទីសំខាន់ក្នុងការបញ្ជ្រាបបញ្ហាបរិស្ថានចូលទៅក្នុងដំណើរការរៀបចំគោលនយោបាយ ផែនការ និងកម្មវិធីអភិវឌ្ឍតាមវិស័យនានា។ SEA មិនមែនជាការណែនាំបច្ចេកទេសធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សំខាន់សម្រាប់ព្យាករណ៍ និងវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមជាមុន ដើម្បីអនុញ្ញាតឱ្យមានការបញ្ចូលវិធានការការពារនានាទៅក្នុងគោលនយោបាយ កម្មវិធី និងផែនការថ្នាក់ជាតិ និងតាមវិស័យ។ វាជួយធានាថា កំណើនសេដ្ឋកិច្ចអាចដំណើរការតទៅព្រមជាមួយនឹងគោលដៅបរិស្ថានប្រកបដោយចីរភាព។

កម្ពុជា–អូស្ត្រាលី រួមគ្នា ការពារទន្លេមេគង្គ

ជាមួយគ្នានេះ SEA ក៏បង្កើតឱកាសសម្រាប់ការអភិវឌ្ឍបៃតងក្នុងវិស័យសំខាន់ៗ ដូចជា ឧស្សាហកម្ម រ៉ែ ថាមពល កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូរគមនាគមន៍ និងវិស័យផ្សេងៗទៀត ដែលបានកំណត់ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។ លើសពីនេះ វានឹងរួមចំណែកបង្កើនគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ផងដែរ។

សូមជម្រាបថា ពិធីចុះហត្ថលេខានេះ តំណាងដោយឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ដោយមានឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសាក្សី និងប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។


កម្ពុជា–អូស្ត្រាលី រួមគ្នា ការពារទន្លេមេគង្គ