Close

គម្រោងវិនិយោគ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តតម្លៃ ៥ លានដុល្លារ នឹងបង្ហាញខ្លួននៅខេត្តតាកែវ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
គម្រោងវិនិយោគ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តតម្លៃ ៥ លានដុល្លារ នឹងបង្ហាញខ្លួននៅខេត្តតាកែវ គម្រោងវិនិយោគ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តតម្លៃ ៥ លានដុល្លារ នឹងបង្ហាញខ្លួននៅខេត្តតាកែវ

តាកែវ ៖ គម្រោងវិនិយោគ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក» តម្លៃ​៥ លានដុល្លារ ដែលនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តតាកែវ និងជាគម្រោងទេសចរណ៍លំដាប់ផ្កាយ៤ ដ៏មានសក្ដានុពលបំផុតមួយ នៅត្រើយម្ខាងខាងលិចបឹងតាកែវ។

នៅក្នុងពេលកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងសម្រេចលើសំណើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ និងរីសត «រីវើរគោកធ្លក» (River Kouk Thlok)នៅថ្ងៃ ទី៣ ខែ កុម្ភៈ ឆ្នាំ ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ បានសម្ដែងការគាំទ្រ និងស្វាគមន៍ចំពោះវត្តមាននៃសណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក»នេះ ។

គម្រោងវិនិយោគ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តតម្លៃ ៥ លានដុល្លារនឹងបង្ហាញខ្លួននៅខេត្តតាកែវ

លោកបន្ថែមទៀតថា គម្រោងនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តតាកែវ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនឡើង នឹងជួយបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានគូសបញ្ជាក់ផងដែរថា បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តដូចជា ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និងសណ្ធាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ ។

លោកស្រី នូវ គន្ធា ប្រធានក្រុមហ៊ុន វែលខម ស្ដាយ រីវើរ (ខេមបូឌា) បានថ្លែងឲ្យដឹងថា ស្ថាបត្យកម្មនៃសណ្ឋាគារនេះ ត្រូវបានរចនាឡើងដោយដកស្រង់លំនាំតាម «ប្រាសាទភ្នំដា» ដែលជាមរតកវប្បធម៌ដ៏ល្បីល្បាញរបស់ខេត្តតាកែវ។

លោកស្រី បានបញ្ជាក់ថា “សំណង់ខាងក្រៅនៃសណ្ឋាគារ គឺជារចនាបថខ្មែរ ១០០ភាគរយ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ប៉ុន្តែផ្នែកខាងក្នុង ត្រូវបានរៀបចំជាបែប ‘កូនកាត់អឺរ៉ុប’ (Hybrid Europe) ដើម្បីធានាបាននូវភាពស៊ីវិល័យ ផាសុកភាព និងតម្រូវចិត្តភ្ញៀវគ្រប់ស្រទាប់វណ្ណៈ ទាំងភ្ញៀវជាតិ និងអន្តរជាតិ”។

គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ មានទំហំទឹកប្រាក់រហូតដល់ ៤,៩៧០,០០០ ដុល្លារអាមេរិក ដែលនឹងត្រូវសាងសង់ឡើងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ គម្រោងនេះរួមមាន៖ សណ្ឋាគារចំនួន ១០២ បន្ទប់ និងកន្លែងកម្សាន្តលើទឹកដ៏សម្បូរបែប ដូចជាការជិះម៉ូតូទឹក និងការជិះទូកកម្សាន្តជាដើម៕

គម្រោងវិនិយោគ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តតម្លៃ ៥ លានដុល្លារនឹងបង្ហាញខ្លួននៅខេត្តតាកែវ