លោក Trump គំរាមដាក់ពន្ធលើប្រទេសណា ដែលផ្គត់ផ្គង់ប្រេងឱ្យគុយបា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមដាក់ពន្ធលើប្រទេសនានា ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈទៅឱ្យប្រទេសគុយបា ខណៈរដ្ឋាភិបាលអាមេរិកកំពុងបង្កើនសម្ពាធនយោបាយ និងសេដ្ឋកិច្ចលើប្រទេសដីកោះមួយនេះ នៅតំបន់ការ៉ាប៊ី។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦។
ប្រភពដដែលបន្តថា វិធានការពន្ធថ្មីត្រូវបានលើកឡើងក្នុងបទបញ្ជាប្រតិបត្តិមួយ ទោះបីជាមិនទាន់មានការបញ្ជាក់លម្អិតអំពីអត្រាពន្ធជាក់លាក់ ឬប្រទេសណាខ្លះដែលអាចត្រូវបានកំណត់គោលដៅក៏ដោយ។
លោក Trump បានគំរាមម្តងហើយម្តងទៀតចំពោះប្រទេសគុយបា និងមេដឹកនាំកុម្មុយនីស្តរបស់ខ្លួន។ កាលពីថ្ងៃអង្គារ លោកបានអះអាងថា ប្រទេសគុយបា “នឹងធ្លាក់ចុះក្នុងពេលឆាប់ៗនេះ” បន្ទាប់ពីវេណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តយូរអង្វែង បានផ្អាកការបញ្ជូនប្រេង និងជំនួយហិរញ្ញវត្ថុទៅកាន់ទីក្រុង Havana។

វេណេស៊ុយអេឡា ត្រូវបានគេជឿថា ធ្លាប់ផ្គត់ផ្គង់ប្រេងប្រហែល ៣៥,០០០ បារ៉ែលក្នុងមួយថ្ងៃទៅឱ្យគុយបា មុនពេលស្ថានការណ៍នយោបាយកាន់តែតានតឹង បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ត្រូវបានកងកម្លាំងអាមេរិកចាប់ខ្លួន កាលពីថ្ងៃទី៣ ខែមករា។
ក្នុងបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានលើកឡើងថា «គោលនយោបាយ ការអនុវត្ត និងសកម្មភាពរបស់រដ្ឋាភិបាលគុយបា គឺជាការគំរាមកំហែងមិនធម្មតា និងធ្ងន់ធ្ងរ» ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក។ លោកក៏បានចោទប្រកាន់ទីក្រុង Havana ថាបានធ្វើជាម្ចាស់ផ្ទះឱ្យ “សត្រូវអាក្រក់របស់សហរដ្ឋអាមេរិក” ផងដែរ។
តាមបទបញ្ជានោះ វិធានការពន្ធអាចកំណត់គោលដៅលើប្រទេសណាមួយ “ដែលលក់ ផ្គត់ផ្គង់ ឬផ្តល់ប្រេងឥន្ធនៈ ដោយផ្ទាល់ ឬដោយប្រយោល ទៅកាន់ប្រទេសគុយបា”។
លោក Trump ក៏បានអំពាវនាវឱ្យប្រទេសគុយបា “បង្កើតកិច្ចព្រមព្រៀងមួយ មុនពេលវាយឺតពេល” ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ឬផលវិបាកដែលប្រទេសកោះនេះអាចប្រឈមមុខនោះទេ។

ជាការឆ្លើយតប ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន “គ្មានសិទ្ធិអំណាចខាងសីលធម៌” ក្នុងការបង្ខិតបង្ខំឱ្យគុយបាចុះចូលកិច្ចព្រមព្រៀងណាមួយឡើយ។
យុទ្ធសាស្ត្ររបស់រដ្ឋបាលលោក Trump ក្នុងការរឹបអូសនាវាដឹកប្រេងរបស់វេណេស៊ុយអេឡា ដែលស្ថិតក្រោមទណ្ឌកម្ម បានធ្វើឱ្យវិបត្តិប្រេងឥន្ធនៈ និងអគ្គិសនីនៅគុយបាកាន់តែធ្ងន់ធ្ងរ។ ប្រទេសនេះបានជួបប្រទះការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ខណៈប្រជាពលរដ្ឋប្រឈមការលំបាកក្នុងការរស់នៅ ដោយខ្វះការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez បានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសគុយបាមាន “សិទ្ធិដាច់ខាតក្នុងការនាំចូលប្រេងឥន្ធនៈ” ពីប្រទេសណាមួយដែលមានឆន្ទៈ ដោយគ្មាន “ការជ្រៀតជ្រែក ឬវិធានការបង្ខិតបង្ខំឯកតោភាគី” ពីសហរដ្ឋអាមេរិក៕