តំបន់ភូមិភាគឦសាន ទាក់ទាញគម្រោងវិនិយោគផលិតសំបកកង់យានយន្ត ក្រោមទុនជិត ៦០០ លានដុល្លារ
ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពសកម្មបំផុតមួយ នៅភូមិភាគឦសាន ដោយបច្ចុប្បន្នមានគម្រោងវិនិយោគផ្តោតលើការផលិតសំបកកង់យានយន្ត និង ការផលិតពុម្ពសំបកកង់យានយន្ត ក្រោមទុនវិយោគជិត ៦០០ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារប្រមាណ ២ ០១៤ កន្លែង ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើសុំដោះស្រាយបញ្ហាប្រឈមនានា ដែលបានលើកឡើងដោយតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានទីតាំងស្ថិតនៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នេះ ។

នាឱកាសនោះបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារសំខាន់ ក្នុងការផ្តល់ការគាំទ្រ និង ការសម្របសម្រួលជូនវិនិយោគិនដែលមានស្រាប់ តាំងពីដំណាក់កាលផលិត រហូតដល់ដំណាក់កាលនាំចេញ ឱ្យមានភាពរលូន ក្នុងអភិក្រមការងារ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈ “យន្តការច្រកចេញ-ចូលតែមួយ” ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា ការផ្តល់ការគាំទ្រ និង ការសម្របសម្រួលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ គឺជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ខិតខំបន្តកៀរគរវិនិយោគិនថ្មីៗ បន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យក្លាយទៅជាបណ្តុំឧស្សាហកម្ម (industrial cluster) ផលិតសំបកកង់យានយន្ត តាមរយៈការទាក់ទាញក្រុមហ៊ុនដែលមានជំនាញ និង ឧស្សាហកម្មគាំទ្រនានា, ជាពិសេស រោងចក្រកែច្នៃជ័រកៅស៊ូ ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ទៅក្នុងខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ។

តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល (UBE Snuol SEZ) ខេត្តក្រចេះ បានបោះជំហានយ៉ាងសំខាន់ទាំងការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងការទាក់ទាញអ្នកវិនិយោគ។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ១៤ហើយ ដែលកំពុងវិនិយោគផ្នែកកែច្នៃ និងផលិតឧស្សាហកម្ម កែច្នៃផលិតផលកសិកម្ម ថាមពលពន្លឺព្រះអាទិត្យថ្មី ផលិតផលកៅស៊ូ និងសំបកកង់ ការបោះពុម្ពសម្លៀកបំពាក់ និងការជ្រលក់ពណ៌ ពាណិជ្ជកម្ម និងដឹកជញ្ជូន… ជាមួយនឹងទុនវិនិយោគប្រមាណ១,១ពាន់លានដុល្លារ
៕
