Close

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១១ លានដុល្លារ សម្រាប់បោសសម្អាតមីននៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១១ លានដុល្លារ សម្រាប់បោសសម្អាតមីននៅកម្ពុជា ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១១ លានដុល្លារ សម្រាប់បោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ៖ ជប៉ុនបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាលើកិច្ចផ្លាស់ប្តូរពិធីសារ (exchange of note) ត្រូវបានធ្វើនៅថ្ងៃ ទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។

លោក ហេង រតនា អគ្គនាយក CMAC ដែលបានចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចផ្លាស់ប្តូរពិធីសារ (exchange of note)នេះ ឱ្យដឹងថា គម្រោងនេះសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ខែមករា ២០២៦ – ១៥ មករា ២០២៨។

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង១១ លានដុល្លារសម្រាប់បោសសម្អាតមីននៅកម្ពុជា

លោកបន្តថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាព CMAC ត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។

បើតាម លោក ហេង រតនា បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ដែលបានគាំទ្រក្នុងការស្នើសុំជំនួយនេះ ជាពិសេសសូមថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រលើការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងសម្ភារបច្ចេកទេស ជាដើម៕


ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង១១ លានដុល្លារសម្រាប់បោសសម្អាតមីននៅកម្ពុជា