ក្រសួងបរិស្ថានវាយតម្លៃ IEIA សម្រាប់គម្រោង «ស្វែងរុករករ៉ែ» ស្ថិតនៅក្នុងភូមិសាស្រ្តស្រុករវៀង
ភ្នំពេញ៖ ក្រសួងបរិស្ថានបើកកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង (IEIA) សម្រាប់គម្រោង «ស្វែងរុករករ៉ែ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តស្រុករវៀង ខេត្តព្រះវិហារ របស់ក្រុមហ៊ុន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD (ម្ចាស់គម្រោង) ដែលសិក្សាដោយក្រុមហ៊ុនទីប្រឹក្សា Safeguard Management and Construction CO., LTD។
យោងតាមក្រសួងបរិស្ថាន កិច្ចប្រជុំនះដឹកនាំដោយ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទា ជុប និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំមកពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងលេខាធិការដ្ឋាន (EIA) ជាច្រើនរូប នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងបរិស្ថាន។

គោលបំណងនៃកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសលើរបាយការណ៍នេះជាធាតុបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ធានាថាគម្រោងបានយកចិត្តទុកដាក់លើការការពារបរិស្ថាន មានវិធានការកាត់បន្ថយ និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានលើធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងសេដ្ឋកិច្ច-សង្គម ព្រមទាំងឆ្លើយតបនឹងគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយស្មារតីសាមគ្គី កិច្ចសហប្រតិបត្តិការល្អ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕
