Close

របាយការណ៍ UN ៖ កំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះមកនៅត្រឹម ២,៦% ក្នុងឆ្នាំ២០២៥

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
របាយការណ៍ UN ៖ កំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះមកនៅត្រឹម ២,៦% ក្នុងឆ្នាំ២០២៥ របាយការណ៍ UN ៖ កំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះមកនៅត្រឹម ២,៦% ក្នុងឆ្នាំ២០២៥

ហ្សឺណែវ, ២ ធ្នូ (ស៊ីនហួ) ៖ អង្គការសហប្រជាជាតិទទួលបន្ទុកពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD) បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារ ដោយបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចសកលថយចុះមកនៅត្រឹម ២,៦ ភាគរយ ក្នុងឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះពី ២,៩ ភាគរយនៅក្នុងឆ្នាំ២០២៤។

យោងតាមរបាយការណ៍ «ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ប្រចាំឆ្នាំ២០២៥» (Trade and Development Report 2025) របស់ UNCTAD ការធ្លាក់ចុះនេះបណ្ដាលមកពីសម្ពាធកើនឡើងនៃ ភាពប្រែប្រួលហិរញ្ញវត្ថុ (financial volatility) និង ភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ (geopolitical uncertainty) ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្ម និងការវិនិយោគទូទាំងពិភពលោក។

របាយការណ៍នេះបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនៅក្នុងទីផ្សារហិរញ្ញវត្ថុបានជះឥទ្ធិពលដល់ពាណិជ្ជកម្មសកលស្ទើរតែខ្លាំងដូចទៅនឹងសកម្មភាពសេដ្ឋកិច្ចពិតប្រាកដដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ទស្សនវិស័យអភិវឌ្ឍន៍ទូទាំងពិភពលោក។

របាយការណ៍ UN៖ កំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះមកនៅត្រឹម ២,៦% ក្នុងឆ្នាំ២០២៥

កំណើនសកលក៏ត្រូវបានព្យាករណ៍ថានឹងបន្តនៅទ្រឹងក្នុងកម្រិត ២,៦ ភាគរយ ដដែលក្នុងឆ្នាំ២០២៦ ទោះបីជាមានសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI) ក៏ដោយ។

លោកស្រី Rebeca Grynspan អគ្គលេខាធិការ UNCTAD បានមានប្រសាសន៍ថា លទ្ធផលនៃការរកឃើញនេះបានបង្ហាញថា លក្ខខណ្ឌហិរញ្ញវត្ថុកំពុងតែកំណត់ទិសដៅនៃពាណិជ្ជកម្មសកលកាន់តែខ្លាំងឡើង។

លោកស្រីបានបន្ថែមថា៖ «ពាណិជ្ជកម្មមិនមែនត្រឹមតែជាខ្សែសង្វាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេ។ វាជាខ្សែសង្វាក់នៃឥណទាន លំហូរមូលធន ប្រព័ន្ធទូទាត់ និងទីផ្សាររូបិយប័ណ្ណផងដែរ»។

របាយការណ៍នេះបានព្យាករណ៍ថា សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ត្រូវបានរំពឹងថានឹងមានកំណើនដល់ទៅ ៤,៣ ភាគរយ ក្នុងឆ្នាំ២០២៥ ដែលលឿនជាងសេដ្ឋកិច្ចជឿនលឿនគួរឱ្យកត់សម្គាល់។

ទោះជាយ៉ាងណា កត្តាដូចជា ការចំណាយហិរញ្ញវត្ថុខ្ពស់ ភាពងាយរងគ្រោះដោយសារតែ លំហូរមូលធនប្រែប្រួលភ្លាមៗ និង ហានិភ័យហិរញ្ញវត្ថុដែលទាក់ទងនឹងអាកាសធាតុ កំពុងកាត់បន្ថយលទ្ធភាពវិនិយោគ និងសារពើពន្ធដែលសេដ្ឋកិច្ចទាំងនេះត្រូវការដើម្បីរក្សាកំណើន។

របាយការណ៍ UN៖ កំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះមកនៅត្រឹម ២,៦% ក្នុងឆ្នាំ២០២៥

ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនពឹងផ្អែកលើការខ្ចីប្រាក់ពីខាងក្រៅក្នុងអត្រាខ្ពស់រហូតដល់ ៧ ទៅ ១១ ភាគរយ ដែលខុសគ្នាឆ្ងាយពីប្រទេសជឿនលឿនធំៗដែលមានអត្រាត្រឹមតែ ១ ទៅ ៤ ភាគរយ ប៉ុណ្ណោះ។
UNCTAD បានអំពាវនាវឱ្យមានកំណែទម្រង់មួយឈុត ដើម្បីកាត់បន្ថយភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យមានការព្យាករណ៍បានល្អប្រសើរ និងគាំទ្រដល់ការតម្រឹមគ្នាកាន់តែខ្លាំងរវាងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍៕