រុស្ស៊ីវាយប្រហារផ្លូវអាកាសលើទីក្រុងគៀវបណ្តាលឱ្យមានមនុស្ស ៦ នាក់ស្លាប់ និងរងរបួសជាច្រើននាក់
ក្រុងគៀវ៖ ទីក្រុងគៀវ (Kyiv) របស់អ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ ត្រូវបានរងការវាយប្រហារដោយកាំជ្រួច និងដ្រូនរបស់រុស្ស៊ីយ៉ាងគំហុក បណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធថាមពល ជាពិសេសបណ្តាលឱ្យមានមនុស្ស ស្លាប់យ៉ាងហោចណាស់ ៦ នាក់ និងរងរបួសជាច្រើននាក់។
ការវាយប្រហារនេះបានកើតឡើងចំពេលដែលតំណាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកំពុងបន្តកិច្ចចរចានៅប្រទេសស្វីស ដើម្បីកែសម្រួលផែនការសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងរុស្ស៊ី។
អាជ្ញាធរក្រុងគៀវ បានរាយការណ៍ថា ការវាយប្រហារដ៏ធំនេះបានផ្តោតលើតំបន់លំនៅដ្ឋាន រួមទាំងសង្កាត់ Pechersk និង Dniprovskyi ដែលបណ្តាលឱ្យមានមនុស្ស ស្លាប់យ៉ាងហោចណាស់ ៦ នាក់ និងរងរបួសជាច្រើននាក់។
រូបភាពវីដេអូដែលត្រូវបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីអគ្គីភ័យឆាបឆេះយ៉ាងខ្លាំងលើអគារលំនៅដ្ឋានកម្ពស់ ៩ ជាន់មួយកន្លែង។ ក្រៅពីអគារលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធថាមពលក៏ត្រូវបានវាយប្រហារផងដែរ ដែលបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់អគ្គិសនី និងទឹក។

ការវាយប្រហារថ្មីបំផុតនេះ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំពិភាក្សានៅទីក្រុងហ្សឺណែវ (Geneva) ជុំវិញផែនការសន្តិភាព ២៨ ចំណុច ដែលត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក និងរុស្ស៊ី។ ផែនការដើមត្រូវបានគេរិះគន់ថា មានលក្ខណៈ ផ្ដល់អត្ថប្រយោជន៍ខ្លាំងពេក ដល់រុស្ស៊ី ដោយបង្ខំឱ្យអ៊ុយក្រែនធ្វើសម្បទានទឹកដី និងដាក់កំហិតលើទំហំកងទ័ពរបស់ខ្លួន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងថា កិច្ចចរចាជាមួយដៃគូអាមេរិក និងអឺរ៉ុប បានឈានដល់ជំហានដែលអាចអនុវត្តបាន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា នៅមានការងារ “លំបាក” ជាច្រើនទៀតត្រូវធ្វើ មុននឹងឈានដល់ឯកសារចុងក្រោយ។
ជាការឆ្លើយតប លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រែមឡាំង (Kremlin) បានថ្លែងកាលពីថ្ងៃច័ន្ទថា រុស្ស៊ីមិនទាន់បានឃើញកំណែផែនការសន្តិភាពដែលបានកែសម្រួលចុងក្រោយនៅឡើយទេ។ ការបន្តវាយប្រហារយ៉ាងខ្លាំងក្លារបស់រុស្ស៊ីមកលើរដ្ឋធានីអ៊ុយក្រែន បង្ហាញពីភាពតានតឹងឥតឈប់ឈរនៃជម្លោះនេះ ទោះបីជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងដំណើរការទៅមុខក៏ដោយ៕