F-22 ចុះចតនៅហ្វីលីពីនជាលើកដំបូងបង្កើនទំនាក់ទំនងជាមួយអាមេរិក ប៉ុន្តែដំឡើងកម្ដៅជាមួយនឹងចិន
បរទេស ៖ នៅអំឡុងសមយុទ្ធយោធាដ៏ធំមួយក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន យន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិក F-22 ចំនួន២គ្រឿងបានបង្កភាពភ្ញាក់ផ្អើលដោយបានធ្វើការចុះចតនៅឯមូលដ្ឋានទ័ព Clark ដើម្បីចូលរួមព្រឹត្តិការណ៍នេះជាមួយគ្នា។
ហេតុការណ៍នេះបានក្លាយទៅជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់អាមេរិកនិងហ្វីលីពីននៅក្នុងកិច្ចខិតខំពង្រឹងចំណងទំនាក់ទំនងជាមួយគ្នា ពីព្រោះថាកន្លងមកហ្វីលីពីនមិនដែលមានបទពិសោធន៍ក្នុងការទទួលស្វាគមន៍យន្តហោះចម្បាំងដ៏ទំនើបបំផុតរបស់អាមេរិកប្រភេទនេះនោះទេ។
ពីឡុតយន្តហោះចម្បាំង F-22 លោក Karl Schroeder បានលើកឡើងថា៖នេះគឺជាលើកដំបូងបំផុតដែល F-22 ឬយន្តហោះចម្បាំងជំនាន់ទី៥បានចុះចតនៅក្នុងទឹកដីរបស់អាស៊ីមួយនេះ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងអាចជួយបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ក៏ដូចជាអាចផ្តល់នូវស្ថិរភាព និងសន្តិសុខកាន់តែប្រសើរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ទោះបីជាយ៉ាងណាក្តី សមយុទ្ធយោធាចុងក្រោយនេះបូករួមទាំងវត្តមានមកដល់នៃសព្វាវុធទំនើបរបស់អាមេរិកនៅក្នុងតំបន់បែបនេះកំពុងធ្វើឲ្យភាពតានតឹងរវាងហ្វីលីពីន និងចិន ព្រមទាំងអាមេរិក និងចិនកាន់តែមានកំដៅខ្លាំងឡើង ជាពិសេសនៅក្នុងតំបន់ជម្លោះដែនសមុទ្រចិនខាងត្បូងដែលមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ។
នៅក្នុងជំហានដាច់ដោយឡែកមួយឆ្ពោះទៅរកការប្រឆាំងនឹងការឈ្លានពាន និងការឃោសនារបស់ចិនកាលពីពេលថ្មីៗនេះ កងម្លាំងការពារដែនសមុទ្រហ្វីលីពីនបានប្រកាសកាលពីថ្ងៃទី៨ ខែមីនាម្តងរួចមកហើយថានឹងអាចធ្វើការបង្ហាញជាសាធារណៈនូវសកម្មភាពឈ្លានពានដែលធ្វើឡើងដោយប្រទេសចិននៅសមុទ្រចិនខាងត្បូង។
មុននេះបន្តិច កាលពីថ្ងៃទី៦ ខែកុម្ភៈហ្វីលីពីន និងចិនក៏មានការប៉ះពាល់គ្នាម្តងរួចមកហើយដែរនៅក្នុងដែនសមុទ្រដោយសារតែចិនបានបាញ់អាវុធឡាស៊ែរចេញពីនាវាចម្បាំងមួយគ្រឿងរបស់ខ្លួនទៅកាន់នាវារបស់ហ្វីលពីន និងបានបណ្តាលឲ្យនាវិករបស់ហ្វីលីពីនមួយចំនួនរងរបួសផងដែរ៕